
លំនៅឋានបណ្តោះអាសន្នមួយបន្ទប់រាប់រយខ្នង ត្រូវបានសាងសង់ឡើង កាលពីថ្ងៃព្រហស្បតិ៍ (ទី២១ ខែធ្នូ) នៅភាគពាយព្យប្រទេសចិន ដើម្បីផ្ដល់ទីជម្រកដល់អ្នករស់រានមានជីវិតពីគ្រោះរញ្ជួយដី ដែលបានបំផ្លាញផ្ទះជាង ១៤.០០០ខ្នង និងបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៤៤នាក់។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន។
នៅព្រឹកថ្ងៃសុក្រ (ទី២២ ខែធ្នូ) នេះ មន្ត្រីក្រុងក្នុងខេត្ត Qinghai បាននិយាយថា ចំនួនអ្នកស្លាប់បានកើនឡើង ៩នាក់ ខណៈដែលក្រុមរុករកបានជីកតាមបំណាក់ដីដ៏ធំ ដែលបានលិចភូមិចំនួន២។ មនុស្ស ៣នាក់ នៅតែបាត់ខ្លួន ក្នុងបំណាក់ដីនេះ។
ទូរទស្សន៍រដ្ឋ CCTV បានបង្ហាញពីរូបភាពនៃដងស្ទូច កំពុងស្ទូចបន្ទប់លំនៅឋាន ដែលមានសណ្ឋានប្រអប់ ហើយដាក់តម្រង់បន្ទប់ទាំងនោះ នៅទីវាលល្ហល្ហែវមួយ ក្នុងភូមិ Meipo នៅខេត្ត Gansu។ បន្ទប់លំនៅឋានប្រហែល ២៦០ខ្នង ត្រូវបានសាងសង់ ហើយចំនួនសរុបនៅក្នុងភូមិ ត្រូវបានរំពឹងថា នឹងមានដល់ ៥០០បន្ទប់ នៅទូទាំងទីតាំងចំនួន៩ នៅព្រឹកថ្ងៃសុក្រនេះ។
ការមាននូវបន្ទប់លំនៅខាន ដែលបានសាងសង់រួច គឺជាសញ្ញាមួយដែលបង្ហាញថា មនុស្សជាច្រើនក្នុងចំណោមមនុស្សជាង ៨៧.០០០នាក់ ដែលត្រូវតាំងលំនៅឋានថ្មី បន្ទាប់ពីការរញ្ជួយដី កាលពីយប់ថ្ងៃចន្ទ (ទី១៨ ខែធ្នូ) អាចនឹងគ្មានផ្ទះសម្បែងមួយរយៈ។
សូមបញ្ជាក់ថា ចំនួនអ្នកស្លាប់ ក្នុងហេតុការណ៍រញ្ជួយដីនេះ រួមមាន ១១៣នាក់ នៅខេត្ត Gansu និង ៣១នាក់ទៀត នៅខេត្ត Qinghai ដែលនៅជិតខាង។ មនុស្សជិត ១.០០០នាក់ ត្រូវបានគេរាយការណ៍ថា បានរងរបួស។ គ្រោះរញ្ជួយដីកម្រិត ៦,២រ៉ិចទ័រ បានវាយប្រហារនៅតំបន់ភ្នំមួយ នៅផ្នែកខាងខេត្ត Gansu នៃព្រំប្រទល់ រវាងខេត្តទាំង២ និងចម្ងាយប្រហែល ១.៣០០គីឡូម៉ែត្រ នៅភាគនិរតីនៃទីក្រុងប៉េកាំង ដែលជារដ្ឋធានីរបស់ប្រទេសចិន៕