
វិមានក្រឹមឡាំង នៅថ្ងៃសុក្រ (ទី២២ ខែធ្នូ) នេះ បាននិយាយថា រុស្ស៊ីនឹងមិនទុកឲ្យប្រទេសណាមួយរស់នៅដោយស្ងប់សុខនោះឡើយ បើប្រទេសទាំងនោះ រឹបអូសទ្រព្យសកម្មរបស់ខ្លួន ដោយសង្កត់ធ្ងន់ថា ខ្លួននឹងពិនិត្យមើលថា តើទ្រព្យសម្បត្តិរបស់លោកខាងលិចមួយណា អាចរឹបអូសបាន ដើម្បីជាការសងសឹកក្នុងរូបភាពបែបនេះ។
វិមានក្រឹមឡាំងកំពុងធ្វើអត្ថាធិប្បាយលើគំនិតមួយ ដែលកំពុងត្រូវបានពិភាក្សាយ៉ាងសកម្ម នៅលោកខាងលិច ដែលអ្នកនយោបាយមួយចំនួន បានស្នើថា ទ្រព្យសម្បត្តិរុស្ស៊ី ដែលត្រូវបានបង្កកតម្លៃ ៣០០ពាន់លានដុល្លារ គួរតែប្រគល់ឲ្យទៅអ៊ុយក្រែន។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់សន្និសីទសារព័ត៌មានថា ការរឹបអូសបែបនេះណាមួយ នឹងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រព័ន្ធហិរញ្ញវត្ថុអន្តរជាតិ ហើយថា រុស្ស៊ីនឹងការពារសិទ្ធិរបស់ខ្លួន នៅតុលាការ និងតាមមធ្យោបាយផ្សេងទៀត ប្រសិនបើការរឹបអូសនោះកើតឡើង៕