
ក្រុមវេជ្ជបណ្ឌិត នៅប្រទេសឥណ្ឌា នាថ្ងៃសុក្រ (ទី២២ ខែធ្នូ) បានសុំឲ្យប្រជាជនមានការប្រុងប្រយ័ត្ន នៅមុនរដូវកាលវិស្សមកាល ដោយសារមានការរាយការណ៍ពីការឆ្លងវីរុស JN.1 នៃជំងឺកូវីដ-១៩ ជាច្រើនករណី នៅក្នុងប្រទេស ដែលបង្កឲ្យមានការព្រួយបារម្ភ ក្នុងចំណោមអាជ្ញាធរ។
សេចក្ដីរាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយ បានឲ្យដឹងថា នៅដើមសប្តាហ៍នេះ ស្ត្រីវ័យ ៧៩ឆ្នាំម្នាក់ ត្រូវបានរកឃើញថា មានឆ្លងវីរុស JN.1 នៅក្នុងរដ្ឋ Kerala ភាគខាងត្បូង ហើយចំនួនសរុបនៃការឆ្លងវីរុសនេះ បានកើនឡើងដល់ ២១ករណីហើយ។
វេជ្ជបណ្ឌិតបានណែនាំឲ្យអនុវត្តតាមគោលការណ៍ទប់ស្កាត់ជំងឺរាតត្បាត ដែលមានដូចជាការពាក់ម៉ាស់ ការរក្សាគម្លាតសង្គម និងការសម្អាតដៃជាប្រចាំ ជាពិសេសអំឡុងរដូវវិស្សមកាលនេះ។ ទិន្នន័យរបស់ក្រសួងសុខាភិបាលបានបង្ហាញថា ប្រទេសឥណ្ឌាបានរាយការណ៍ពីករណីឆ្លងវីរុសកូរ៉ូណាចំនួន ២.៩៩៧ករណី ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។
កាលពីសប្តាហ៍មុន ប្រទេសចិនបានឲ្យដឹងថា ខ្លួនបានរកឃើញការឆ្លងចំនួន ៧ករណីនៃប្រភេទវីរុសបំប្លែងបន្ទាប់ JN.1 របស់ជំងឺកូវីដ-១៩។ វីរុស JN.1 មានជាប់ទាក់ទងយ៉ាងខ្លាំងបំផុតជាមួយនឹងវីរុសបំប្លែងបន្ទាប់ BA.2.86៕