ភ្នំពេញ ៖ គិតត្រឹមវេលាម៉ោង០៩យប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣នេះ គ្រោះអគ្គិភ័យដែលបានឆាបឆេះអាគារសណ្ឋាគារមួយកន្លែងយីហោ Sky city ស្ថិតក្បែរវិមានរដ្ឋសភាជាតិ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន គឺពុំទាន់រលត់ទាំងស្រុងនៅឡើយនោះទេ ខណៈអាជ្ញាធរ និងកងកម្លាំងចម្រុះគ្រប់លំដាប់ថ្នាក់កំពុងសហការគ្នា ក្នុងការយកចិត្តទុកដាក់អន្តរាគមន៍សង្គ្រោះ និងបាញ់ទឹកពន្លត់ ។
មន្ត្រីផ្នែកពន្លត់អគ្គិភ័យរាជធានីភ្នំពេញបានប្រាប់ BTV ឱ្យដឹងថា បច្ចុប្បន្នកម្លាំងចម្រុះបានគ្រប់គ្រងជាន់ទី១ ដល់ជាន់ទី៣ បានហើយ ដោយបានបាច់ទឹកពន្លត់ការឆាបឆេះបានទាំងស្រុង ខណៈដែលនៅសល់ជាន់ទី៤ និងទី៥ ដែលនៅបន្តមានការឆាបឆេះ ហើយជំនាញកំពុងព្យាយាមក្នុងការបន្តចូលទៅបាញ់ពន្លត់បន្ថែមទៀត ។
មន្ត្រីដដែលបានបញ្ជាក់ថា តាំងពីវេលារសៀលមកអាជ្ញាធរ និងកម្លាំងចម្រុះ បានសម្រេចប្រើរថយន្តស្ទូចធន់ធំដែលមានសមត្ថភាពឡើងទៅទីខ្ពស់ ដើម្បីធ្វើការវាយកម្ទេចជញ្ចាំង និងវាយនៅតាមបន្ទប់នីមួយៗ នៃជាន់ទី៤ និងទី៥ ដើម្បីទម្លាយទៅខាងក្នុងបង្កឱ្យមានប្រហោងសម្រាប់ផ្សែងនៃការឆាបឆេះអាចហុយចេញមកខាងក្រៅបាន។ កម្លាំងជំនាញក៏បន្តប្រើរថយន្តពន្លត់អគ្គិភ័យដែលមានជណ្តើរខ្ពស់ ដើម្បីបាញ់ទឹកចូលទៅជាន់ដែលឆាបឆេះទាំង២ បន្ថែមពីលើកការអន្តរាគមន៍បាញ់ទឹកឡើងពីជាន់ទី៣មកវិញ ។
តាមការសង្កេតឃើញ មានកម្លាំងពាក់ព័ន្ធជាច្រើនដែលបានចូលរួមក្នុងការអន្តរាគមន៍បន្ថែមក្នុងគ្រោះអគ្គិភ័យខាងលើនេះ ដែលមានកងប្រតិបត្តិការរុករក និងសង្គ្រោះ មកពីអង្គភាពង.៧០ ក្រុមការងារជំនាញ របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នគរបាលជំនាញថ្នាក់ក្រសួងមហាផ្ទៃ រួមទាំងកម្លាំងអាជ្ញាធរចម្រុះថ្នាក់រាជធានីភ្នំពេញទាំងអស់ ដោយមានវត្តមានថ្នាក់ដឹកនាំនៃបណ្តាស្ថាប័ន្ថទាំងអស់ចុះដឹកនាំ និងបញ្ជាប្រតិបត្តិការសង្គ្រោះដោយផ្ទាល់ផងដែរ ។
គួររំលឹកថា ករណីអគ្គិភ័យនេះ បានកើតឡើងកាលពីវេលាម៉ោង១០ និង៣០នាទីព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ ដោយបានឆាបឆេះផ្ដើមចេញពីជាន់ទី៣ ហើយបន្តរាលដាលរហូតដល់ជាន់ទី៥ ខណៈអាគារនេះ មានកម្ពស់៥ជាន់ ។ ទីតាំងឆាបឆេះ គឺជាសណ្ឋាគារដែលកំពុងដំណើរការផង និងកំពុងជួសជុលកែលម្អរបន្ថែមផងដែរ ៕ អត្ថបទ ៖ លីហេង




















