ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអនុញ្ញាតឲ្យឯកឧត្តម Dato Ahmad Azam Bin Abrahman បេសកជនពិសេសនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ចូលជួបសំដែងការគួរសម និងពិភាក្សាការងារនៅវិមាន ៧មករា រាជធានីភ្នំពេញ។
នៅក្នុងជំនួបនោះ ឯកឧត្តម Dato Ahmad Azam Bin Abrahman បាននាំនូវការសាកសួរសុខទុក្ខរបស់ឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ជូនសម្ដេចតេជោ ប្រធានគណបក្សប្រជាជនកម្ពុជា និងបានសំដែងនូវការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចតេជោ និងរាជរដ្ឋាភិបាលកម្ពុជា ដែលបានធ្វើឲ្យមានសុខដុមនីយកម្មជាតិសាសន៍ សាសនា ជាពិសេសអ្នកកាន់សាសនាមូស្លីមនៅកម្ពុជា និងបានផ្ដល់ឱកាសជាច្រើនដល់សហគមន៍ខ្មែរឥស្លាម នៅកម្ពុជា។ ឯកឧត្តមបេសកជនពិសេស បានវាយតម្លៃខ្ពស់ ចំពោះការរីកចម្រើនរបស់កម្ពុជា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ក្នុងរយៈពេលកន្លងមក និងបានប្រែក្លាយកម្ពុជាមកជាប្រទេសមានការរីកចម្រើនរស់រវើក ជាពិសេសទីក្រុងភ្នំពេញមានការរីកចម្រើនគួរជាទីមោទនៈ និងក្លាយជាទីក្រុងដ៏ទំនើប។
ឯកឧត្តមបានគូសបញ្ជាក់ថា កិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា និងម៉ាឡេស៊ី ត្រូវបានពង្រឹង និងពង្រីកកាន់តែរឹងមាំថែមទៀត ហើយប្រទេសម៉ាឡេស៊ីបានអះអាងថា មិនអនុញ្ញាតឱ្យក្រុមប្រឆាំងនឹងរាជរដ្ឋាភិបាលកម្ពុជា យកទឹកដីម៉ាឡេស៊ីប្រើប្រាស់ធ្វើនយោបាយប្រឆាំងនឹងរាជរដ្ឋាភិបាលកម្ពុជានោះឡើយ។
ជាកិច្ចឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដែលបានផ្ញើការសួរសុខទុក្ខចំពោះសម្ដេច តាមរយៈបេសកជនពិសេស។ សម្ដេចតេជោ បានជម្រាបជូនអំពីសភាពការណ៍ថ្មីៗ និងបទពិសោធន៍នៃដំណើរស្វែងរកសន្តិភាពរបស់កម្ពុជា ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនរវាងប្រទេសម៉ាឡេស៊ី និងកម្ពុជា។
សម្ដេចតេជោ បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលម៉ាឡេស៊ី ដែលតែងតែជួយឧបត្ថម្ភគាំទ្រដល់សហគមន៍មូស្លីមនៅកម្ពុជា និងអរគុណចំពោះការប្ដេជ្ញាចិត្តមិនអនុញ្ញាតឲ្យក្រុមជ្រុលនិយម ប្រើប្រាស់ទឹកដីម៉ាឡេស៊ី ដើម្បីប្រឆាំងនឹងរាជរដ្ឋាភិបាលកម្ពុជា៕





