ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងទិវាអន្តរជាតិសម្រាប់ទេសន្តរប្រវេសករឆ្នាំ២០២៣ កាលពីថ្ងៃទី២២ ខែធ្នូម្សិលមិញ បានលើកឡើងថា ការធ្វើទេសន្តរប្រវេសន៍ជោគជ័យ ត្រូវការភាគីចំនួន៥សប្បាយចិត្ត។ ភាគីទាំង៥នោះរួមមាន៖
ទី១ ពលករខ្មែរដែលចង់ធ្វើការនៅបរទេសប្បាយចិត្តព្រោះមានការងារដែលមានលក្ខខណ្ឌសមរម្យ និងមានការយកចិត្តទុកដាក់ និងទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយ
ទី២ និយោជក នៃប្រទេសទទួលពលករដែលត្រូវតែសប្បាយចិត្តព្រោះមានកម្លាំងពលកម្មសម្រាប់សង្វាក់ផលិតកម្មរបស់ខ្លួន។
ទី៣ ក្រុមគ្រួសាររបស់ពលករទាំងអស់សប្បាយចិត្ត និងអបអរសាទរព្រោះកូនចៅរបស់ខ្លួនមានការងារធ្វើដោយសុវត្ថិភាព និងមានការយកចិត្តទុកដាក់ពីរដ្ឋាភិបាល
ទី៤ អ្នកសម្របសម្រួល ឬភ្នាក់ងារជ្រើសរើសឯកជនពីប្រទេសបញ្ជូន និងដៃគូរទីភ្នាក់ងារជ្រើសរើសឯកជនកម្ពុជានៅប្រទេសគោលដៅដែលគេចផុតពីបណ្តឹងរបស់ពលករ និងទទួលបានប្រាក់ចំណេញសមរម្យដោយមិនហួសហេតុដែលគ្រប់ភាគីទទួលលយកបាន។
ទី៥ ចុងក្រោយ រដ្ឋាភិបាលប្រទេសបញ្ជូន និងប្រទេសទទួលដែលត្រូវសប្បាយចិត្ត។ ត្រង់ចំណុចនេះ ឯកឧត្ដមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា កម្ពុជាដែលជាប្រទេសបញ្ជូន សប្បាយចិត្តដោយពលរដ្ឋរបស់ខ្លួនទទួលបានការគាំពារ និងកិច្ចអន្តរាគមន៍ពីប្រទេសទទួល ហើយប្រទេសទទួលក៏សប្បាយរីករាយដោយសារមានកម្លាំងពលកម្មដែលបំពេញកង្វះខាតដើម្បីធានានិរន្តរភាពសេដ្ឋកិច្ច នៃប្រទេសជាតិរបស់ខ្លួន។
ឯកឧត្ដមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា៖ “ប្រសិនបើភាគីទាំង៥នេះមិនសប្បាយចិត្តនោះទេ គឺការធ្វើទេសន្តរប្រវេសន៍មិនជោគជ័យនោះទេព្រោះភាគីទាំង៥នេះត្រូវតែសប្បាយចិត្តដូចៗគ្នាដោយគ្មានភាគីណាមួយសប្បាយចិត្ត ហើយភាគីមួយទៀតមិនសប្បាយចិត្តនោះទេ”។
សម្រាប់ឯកឧត្ដមរដ្ឋមន្ត្រី ចំណុចទាំងនេះ គឺជាកិច្ចការអាទិភាពរបស់ក្រសួងដែលនឹងត្រូវធ្វើនៅអាណត្តិទី៧នេះ ដើម្បីធានាថាភាគីទាំងអស់សប្បាយចិត្តក្នុងគោលបំណងធ្វើឱ្យការធ្វើទេសន្តរប្រវេសន៍ពីកម្ពុជាជោគជ័យ៕
