វិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ បានសហការជាមួយអង្គការហ្គូដណេសប៊ីសកម្ពុជា រៀបចំកម្មវិធីស្ដីពីការចុះផ្សព្វផ្សាយជ្រើសរើសសិស្សឱ្យចូលរៀន ក្នុងឆ្នាំសិក្សា២០២៣-២០២៤ ។
ការចុះផ្សព្វផ្សាយជ្រើសរើសសិស្សឱ្យចូលរៀននេះ បានធ្វើឡើងកាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ នៅភូមិឈើទាល ឃុំម្រោម ស្រុកអង្គរជ័យ ខេត្ដកំពត ដោយមានការចូលរួមពីសិស្សានុសិស្ស អាណាព្យាបាល អាជ្ញាធរមូលដ្ឋានប្រមាណ ២០០នាក់។
លោក ប៉េង ប៉ុញារ៉ាស័ក្ត ប្រធានការិយាល័យបុគ្គលិក វិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអោយដឹងកម្មវិធីផ្សព្វផ្សាយនេះ មានគោលបំណងណែនាំសិស្សថ្នាក់វិទ្យាល័យ បានយល់ដឹងពីជំនាញដែលអាចសិក្សាបាននៅពេលពួកគាត់បញ្ចប់ការប្រឡងមធ្យមសិក្សាទុតិយភូមិកាលពីពេលថ្មីៗកន្លងទៅនេះ។

កញ្ញា ម៉េង សេរីវណ្ឌី បុគ្គលិកគម្រោង និងលោក ឈឹម សុវណ្ណារិទ្ធ មន្ត្រីសម្របសម្រួលគម្រោង អង្គការហ្គូដណេប៊ីសកម្ពុជា បានលើកឡើងថា កម្មវិធីផ្សព្វផ្សាយនេះមានសារៈសំខាន់ណាស់ ជួយដល់សិស្សឲ្យជ្រើសរើសជំនាញដែលអាចជួយដល់ជីវភាពរបស់ពួកគាត់បាននៅថ្ងៃអនាគត។

សូមបញ្ជាក់ថា អង្គការហ្គូដណេប៊ីស គឺជាអង្គការអន្តរជាតិ ផ្តោតលើការងារអភិវឌ្ឍន៍ និងមនុស្សធម៌ ដែលមានទីស្នាក់ការកណ្តាលនៅប្រទេសកូរ៉េខាងត្បូង ដែលជាអង្គការមួយក្នុងចំណោម អង្គការហ្គូដណេប៊ីសទាំង ៣៧ប្រទេស ដែលបាននឹងកំពុងប្រតិបត្តិការនូវកម្មវិធីអភិវឌ្ឍន៍រយៈពេលវែង និងគម្រោងជាច្រើនរួមមាន ១ កម្មវិធីគាំពារ និងការការពារកុមារ, ២ កម្មវិធីអប់រំ, ៣ កម្មវិធីសុខភាព, ៤ កម្មវិធីទឹកស្អាត និងអនាម័យ, ៥ បរិស្ថាន, ៦ កម្មវិធីកសាងប្រាក់ចំណូល និងការកសាងភាពជាដៃគូ, ៧ ការគាំទ្រមតិ និង៨ កម្មវិធីមនុស្សធម៌៕ អត្ថបទ៖ ស៊ូជីង










