ព្រឹត្តការណ៍ «សប្តាហ៍ផ្លាស់ប្តូរវប្បធម៌ និងភាពយន្តកម្ពុជា-ចិន ឆ្នាំ២០២៣» ដែលបានធ្វើឡើងនៅទីក្រុងសៀកមិន ខេត្តហ្វូចៀន សាធារណរដ្ឋប្រជាមានិតចិន ចាប់ផ្តើមពីថ្ងៃទី១៩-២០ ខែធ្នូ ឆ្នាំ២០២៣ បានបញ្ចប់ដោយជោគជ័យ ។

ឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការប្រចាំការ តំណាងលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានដឹកនាំគណ:ប្រតិភូក្រសួងវប្បធម៌ និងវិចិត្រសិល្ប: និងផលិតករ សិល្បករភាពយន្តកម្ពុជា ចូលរួមព្រឹត្តិការណ៍ខាងលើនេះ។

កម្មវិធីនេះសហការរៀបចំដោយរដ្ឋបាលសង្កាត់ ហ៊ូលី ទីក្រុងសៀកមិន គណៈកម្មការរៀបចំមហោស្រពភាពយន្តអាស៊ីកម្ពុជា និងនាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ ដោយមានការគាំទ្រដោយ ការិយាល័យភាពយន្តប្រចាំខេត្តហ្វូជៀន ការិយាល័យភាពយន្តទីក្រុងសៀកមិន និងសាលាភាពយន្ត នៃសាកលវិទ្យាល័យសៀកមិន។

នៅក្នុងព្រឹត្តការណ៍រយៈពេល០២ថ្ងៃនេះ ភាពយន្តកម្ពុជា០៤ចំណងជើង ត្រូវបានចាក់បញ្ចាំងជាសាធារណៈ តាមរោងភាពយន្តនានានៅទីក្រុងសៀកមិន ព្រមទាំងមានការរៀបចំតាំងពិរព័ណ៍វត្ថុសិល្បៈខ្មែរផងដែរ។ ជាមួយនេះគណៈប្រតិភូ ក៏បានទស្សនកិច្ចនៅសាលាភាពយន្ត នៃសាកលវិទ្យាល័យសៀកមិន និងចូលរួមកម្មវិធីកិច្ចពិភាក្សាស្តីពីឱកាស និងបញ្ហាប្រឈម នៃការធ្វើសហផលិតកម្មការរីកចម្រើន នៃការសម្តែងភាពយន្តផងដែរ។

ក្នុងនាមក្រសួងវប្បធម៌ ឯកឧត្តម ហាប់ ទូច បានចាត់ទុកការរៀបចំសប្តាហ៍ផ្លាស់ប្តូរភាពយន្ត និងវប្បធម៌កម្ពុជា-ចិន នៅទីក្រុងសៀកមិន គឺជាព្រឹត្តការណ៍ដ៏សំខាន់មួយទៀត ក្នុងការលើកកម្ពស់ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌រវាងប្រទេសទាំងពីរ កម្ពុជា-ចិន ជាពិសេសលើវិស័យភាពយន្ត និងជាឱកាសសម្រាប់អ្នកដឹកនាំរឿង ផលិតករ និងអ្នកដែលមានអាជីពក្នុងវិស័យភាពយន្ត ដើម្បីជាប្រយោជន៍របស់ភាគីទាំងសងខាង រួមចំណែកក្នុងការបង្កើនការយល់ដឹងរវាងប្រជាជន និងប្រជាជន និងជាផ្នែកមួយជួយពង្រឹងទំនាក់ទំនងលើវិស័យវប្បធម៌។

សូមបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍ «សប្តាហ៍ផ្លាស់ប្តូរវប្បធម៌ និងភាពយន្តកម្ពុជា-ចិន» គឺក្នុងគោលបំណងជំរុញ និងលើកកម្ពស់កិច្ចសន្ទនាវប្បធម៌ និងទំនាក់ទំនងទ្វេភាគី ពិសេសរវាងប្រជាជនកម្ពុជា និងប្រជាជននៅទីក្រុងសៀកមិន ស្របពេលដែលប្រទេសទាំងពីរ ប្រារព្ធខួបលើកទី៦៥ នៃទំនាក់ទំនងការទូត នាឆ្នាំ២០២៣នេះ៕ អត្ថបទ៖ រដ្ឋា




