ក្រុមអាជ្ញាធរ និងកងកម្លាំងចម្រុះគ្រប់ជាន់ថ្នាក់ បានសហការគ្នាបន្តយកចិត្តទុកដាក់ក្នុងកិច្ចអន្តរាគមន៍សង្គ្រោះអគារ Sky City ដែលត្រូវភ្លើងឆេះ៤ថ្ងៃហើយ នៅតែមិនទាន់រលត់ទៅវិញនៅឡើយ។
មន្ត្រីអាជ្ញាធរជាន់ខ្ពស់ថ្នាក់រាជធានីភ្នំពេញមួយរូប បានប្រាប់ BTV ឱ្យដឹងថា គិតត្រឹមព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ ស្ថានភាពភ្លើងនៅតែបន្តមានការឆាបឆេះ ប៉ុន្តែឆាបឆេះតែ២ជាន់ ប៉ុណ្ណោះ គឺជាន់ទី៤ និងជាន់ទី៥ ខណៈអាគារ មានកម្ពស់តែ៥ជាន់ប៉ុណ្ណោះ ។

មន្ត្រីរូបនោះបន្តថា ការឆាបឆេះនេះ ក្រុមចម្រុះទាំងអស់ បានជួបប្រទះនូវការលំបាកច្រើនណាស់ ដោយសារស្ថានភាពច្រកចូលចង្អៀត ហើយបន្ទប់តាមជាន់ក្នុងអាគារមានភាពស្មុគស្មាញបំផុត ម្យ៉ាងចំណុចដែលមានការឆេះ គឺនៅទីខ្ពស់ ទើបធ្វើឱ្យមានការពិបាកដល់កម្លាំងទាំងអស់ក្នុងការចូលអន្តរាគមន៍ ទោះបីជាមានសម្ភារះបំពាក់លើដងខ្លួនគ្រប់គ្រាន់ សម្រាប់ការការពារ ដើម្បីចូលទៅបាញ់ទឹកពន្លត់អណ្តាតភ្លើងក៏ដោយ ។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គីភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ការឆាបឆេះរយៈពេល៣យប់៤ថ្ងៃមកនេះ កងកម្លាំងចម្រុះទាំងអស់បានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យសរុប អស់ជាង ២ពាន់គ្រឿងហើយ។ កម្លាំង បានសហការគ្នា ដោយការដាក់វេណគ្នា ដើម្បីចូលទៅបាញ់ទឹកជាបន្តបន្ទាប់ ដោយមិនឱ្យដាច់ទឹកនោះឡើយ ដើម្បីធានាបានខ្ពស់លើការគ្រប់គ្រងស្ថានការណ៍ឱ្យបានល្អប្រសើរឡើងនៅពេលឆាប់ៗខាងមុខនេះ ។

នាយការិយាល័យបន្ថែមថា ៖ ៤ថ្ងៃនេះ ពុំមានបណ្តាលឱ្យមនុស្សណាម្នាក់រងរបួស ឬប៉ះពាល់ដល់អាយុជីវិតឡើយ ប៉ុន្តែមន្ត្រីអគ្គីភ័យម្នាក់ ត្រូវរងរបួសដៃ ដោយត្រូវកញ្ចក់ធ្លាក់លើពេលកំពុងអន្តរាគមន៍។
ក្រុមមន្ត្រីជំនាញផ្នែកសំណង់អាគារ ទាំងថ្នាក់រាជធានី និងថ្នាក់ក្រសួង បានប្រាប់ថា បច្ចុប្បន្ននេះ មន្ត្រីជំនាញ មិនអាចធ្វើការវាយតម្លៃផ្ទៃអាគារបាននៅឡើយនោះទេ រងចាំសមត្ថកិច្ចជំនាញធ្វើការពន្លត់ឱ្យបានរួចរាល់ជាមុនសិន ទើបធ្វើការពិនិត្យវាយតម្លៃថា អាគារនេះអាចនៅបន្តទុកបាន ឬត្រូវវាយកម្ទេចចោល ។ មន្ត្រីដដែលបន្តថា ប្រសិនបើក្នុងករណីភ្លើងនៅបន្តមានការឆាបឆេះក្នុងរយៈពេលយូរដែលមិនអាចពន្លត់បាន ផ្ទៃអាគារ អាចនឹងមានការប្រេះបាក់តាមផ្នែកជាក់ជាមិនខាន ប៉ុន្តែការបាក់ស្រុត គឺមិនកំណត់បាន។

សូមបញ្ជាក់ថា កម្លាំងពាក់ព័ន្ធជាច្រើនដែលបានចូលរួមក្នុងការអន្តរាគមន៍បន្ថែមក្នុងគ្រោះអគ្គីភ័យខាងលើនេះ រួមមាន កងប្រតិបត្តិការរុករក និងសង្គ្រោះ មកពីអង្គភាពង៧០ , ក្រុមការងារជំនាញ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក៏ដូចជានគរបាលជំនាញថ្នាក់ក្រសួងមហាផ្ទៃ រួមទាំងកម្លាំងអាជ្ញាធរចម្រុះថ្នាក់រាជធានីភ្នំពេញទាំងអស់ផងដែរ ដោយមានវត្តមានថ្នាក់ដឹកនាំ នៃបណ្តាស្ថាប័ន្ថទាំងអស់ចុះដឹកនាំ និងបញ្ជារប្រតិបត្តិការសង្គ្រោះដោយផ្ទាល់ផងដែរ។

គួររំលឹកថា ករណីអគ្គីភ័យខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១០ និង៣០នាទីព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ ដោយបានឆាបឆេះចេញពីជាន់ទី៣ ហើយបន្តរាលដាលរហូតដល់ជាន់ទី៥។ ទីតាំងឆាបឆេះ ជាសណ្ឋាគារដែលកំពុងដំណើរការផង និងកំពុងជួសជុលកែលម្អរបន្ថែមផងដែរ៕ អត្ថបទ ៖ លីហេង
