រថយន្តដឹកជំនួយ បានតម្រៀបជួរនៅផ្នែកច្រកឆ្លងកាត់តំបន់ Kerem Shalom របស់អ៊ីស្រាអែល កាលពីថ្ងៃសុក្រ ដើម្បីចូលទៅក្នុងតំបន់ហ្កាហ្សា។ មន្ត្រីយោធាអ៊ីស្រាអែល លោក Moshe Tetro បាននិយាយថា រថយន្តដឹកជំនួយជាង ៥.៤០០គ្រឿង ដែលដឹកស្បៀងអាហារ ទឹក និងគ្រឿងបរិក្ខារពេទ្យ បានចូលទៅដល់តំបន់ហ្កាហ្សា ចាប់តាំងពីសង្រ្គាមចាប់ផ្តើម។ ប៉ុន្តែ លោក Tetro បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា «ពុំមានការខ្វះស្បៀងអាហារនៅតំបន់ហ្កាហ្សានោះទេ» ហើយបានលើកឡើងថា រថយន្តដឹកជំនួយចំនួន ២.៥០០គ្រឿង ដែលមានផ្ទុកស្បៀងអាហារជាង ៥០.០០០តោន បានចូលទៅក្នុងតំបន់ហ៊ុមព័ទ្ធចាប់តាំងពីសង្គ្រាមចាប់ផ្តើមនៅថ្ងៃទី ៧ ខែតុលា។

ច្រកឆ្លងកាត់តំបន់ Kerem Shalom បានបើកឡើងវិញកាលពីថ្ងៃអាទិត្យ ទី១៧ ខែធ្នូ សម្រាប់រថយន្តដឹកជំនួយលើកដំបូងចាប់តាំងពីពេលនោះមក។
ស្ថាប័នមួយដែលគាំទ្រដោយអង្គការសហប្រជាជាតិ បាននិយាយនៅក្នុងរបាយការណ៍មួយដែលបានចេញផ្សាយថា មនុស្សចំនួន ២,៣លាននាក់ ដែលជាចំនួនប្រជាជនទាំងមូលនៃតំបន់ហ្កាហ្សា កំពុងប្រឈមនឹងកម្រិតនៃវិបត្តិភាពអត់ឃ្លាន ហើយហានិភ័យនៃគ្រោះទុរភិក្សកំពុងកើនឡើងជារៀងរាល់ថ្ងៃ ខណៈសង្រ្គាមអ៊ីស្រាអែល និងក្រុមហាម៉ាស កាន់តែអូសបន្លាយ៕
