រដ្ឋមន្ត្រីជាន់ខ្ពស់សហព័ន្ធម្នាក់ បាននិយាយកាលពីថ្ងៃសុក្រថា មនុស្សយ៉ាងហោចណាស់៣១នាក់ បានស្លាប់ ដោយទឹកជំនន់ និងភ្លៀងធ្លាក់ខ្លាំងនៅក្នុងរដ្ឋ Tamil Nadu ភាគខាងត្បូងប្រទេសឥណ្ឌា ក្នុងសប្តាហ៍នេះ ខណៈក្រុមអ្នកជួយសង្គ្រោះ បានព្យាយាមដើម្បីចូលទៅដល់មនុស្សជាច្រើន ដែលនៅតែជាប់គាំងនៅក្នុងទឹកហក់ឡើងខ្ពស់។
ភ្លៀងធ្លាក់ខ្លាំង បានរារាំងស្រុកជាច្រើននៅក្នុងរដ្ឋនេះ ដោយទឹកជន់លិចតំបន់ជិតខាងទាំងមូល ព្រមទាំងផ្លូវថ្នល់ និងផ្លូវរថភ្លើង ប៉ុន្មានថ្ងៃបន្ទាប់ពីព្យុះស៊ីក្លូនបានវាយបោកបក់លើឆ្នេរភាគអាគ្នេយ៍របស់ប្រទេសឥណ្ឌា បណ្តាលឱ្យមានការខូចខាតយ៉ាងច្រើន។

លោក Nirmala Sithraman រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុសហព័ន្ធ បានប្រាប់អ្នកយកព័ត៌មានថា ចំនួនអ្នកស្លាប់ អាចប្រែប្រួល ដោយលោកនិយាយថាមនុស្សជាង ៤០.០០០នាក់ ត្រូវបានជួយសង្គ្រោះរហូតមកដល់ពេលនេះ ហើយកិច្ចខិតខំប្រឹងប្រែងសង្គ្រោះកំពុងធ្វើឡើងដើម្បីបានទៅដល់អ្នកដែលនៅតែជាប់ខ្លួនដោយទឹកជំនន់។ រដ្ឋនេះ ជាមជ្ឈមណ្ឌលផលិតគ្រឿងអេឡិចត្រូនិកដ៏សំខាន់មួយក្នុងប្រទេសឥណ្ឌា ដែលតំបន់ជិតខាងភាគខាងត្បូងមួយចំនួននៅតែមានទឹកលិច កាលពីថ្ងៃសុក្រ។
នាយកដ្ឋានអាកាសធាតុ បាននិយាយថារដ្ឋ Tamil Nadu បានកត់ត្រាទឹកភ្លៀងលើសពី ៦៤ មីលីម៉ែត្រ នៅសប្តាហ៍នេះ ច្រើនជាងបីដងនៃទឹកភ្លៀងកម្រិត២០មីលីម៉ែត្រ ដែលមានធម្មតាក្នុងពេលនេះនៃឆ្នាំនេះ ដោយព្យាករណ៍ថា នឹងមានភ្លៀងធ្លាក់កាន់តែច្រើននៅផ្នែកខ្លះនៃរដ្ឋ ក្នុងរយៈពេល ៥ ថ្ងៃខាងមុខ។
សម្រាប់ស្ថានភាពទឹកជំនន់ គឺជាការរំឮកពីភ្លៀងធ្លាក់កាលពីប្រាំបីឆ្នាំមុននៅក្នុងរដ្ឋធានី Chennai ដែលបានសម្លាប់មនុស្សចំនួន ២៩០ នាក់ និងបានជន់លិចតំបន់ជាច្រើនក្នុងទីក្រុង៕
