គណបក្សប្រឆាំងរបស់ប្រទេសឥណ្ឌា បានធ្វើការតវ៉ានៅទូទាំងប្រទេសកាលពីថ្ងៃសុក្រ បន្ទាប់ពីសមាជិកសភាជាង ១៤០ រូប ត្រូវបានផ្អាកសុពលភាពពីសភា សម្រាប់ការរំខានដល់ដំណើរការនីតិវិធី ខណៈពួកគេទាមទារសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាល និងការពិភាក្សាស្តីពីការរំលោភសន្តិសុខនៅសភា កាលពីសប្តាហ៍មុន។
មេដឹកនាំគណបក្សប្រឆាំងដ៏លេចធ្លោជាច្រើននាក់ បានប្រមូលផ្តុំគ្នា និងបាននិយាយវាយប្រហារគណបក្ស Bharatiya Janata ដែលជាគណបក្សកំពុងកាន់អំណាចដោយនិយាយថា លទ្ធិប្រជាធិបតេយ្យកំពុងស្ថិតនៅក្រោមការគំរាមកំហែង ក្រោមរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រី លោក Narendra Modi ។

យោងតាមអ្នកវិភាគបាននិយាយថា ទោះជាការរំខាន និងការតវ៉ា វាជារឿងធម្មតានៅក្នុងសភា ប៉ុន្តែការផ្អាកសុពលភាពសមាជិកសភាសរុបចំនួន ១៤៦រូប ជាចំនួនខ្ពស់បំផុតក្នុងអំឡុងពេលសម័យប្រជុំតែមួយសម្រាប់រយៈពេលជាច្រើនឆ្នាំ ដែលបង្ហាញថាស្ថាប័ននីតិប្បញ្ញត្តិ កាន់តែតឹងរ៉ឹង លើការប្រព្រឹត្តមិនសមរម្យ។
នគរបាល បានដាក់ការចោទប្រកាន់ពីអំពើភេរវកម្មលើមនុស្ស៥នាក់ ពាក់ព័ន្ធនឹងការបំពានសន្តិសុខក្នុងបរិវេណអគារសភាថ្មី បន្ទាប់ពីបុរសម្នាក់បានលោតចូលក្នុងសភាជាន់ទាប ដោយស្រែកពាក្យ និងបាញ់កំប៉ុងផ្សែងកាលពីថ្ងៃទី១៣ ខែធ្នូ៕
