គណៈប្រតិភូនៃគណៈកម្មាធិការព្រឹទ្ធសភាទទួលបន្ទុកកិច្ចការបរទេស ការពារជាតិ និងកងកម្លាំងប្រដាប់អាវុធ នៃប្រទេសបារាំង បានអំពាវនាវឲ្យបង្កើនជំនួយផ្នែកយោធាសម្រាប់ទីក្រុងគីវ ដើម្បីជួយខ្លួនទប់ទល់នឹងការឈ្លានពានរបស់រុស្ស៊ី បន្ទាប់ពីបានបំពេញទស្សនកិច្ច នៅអ៊ុយក្រែន និងប៉ូឡូញ ក្នុងសប្តាហ៍នេះ។

គណៈប្រតិភូសមាជិកព្រឹទ្ធសភាចំនួន៤រូប ដែលដឹកនាំដោយលោក Cédric Perrin បានទៅបំពេញទស្សនកិច្ចនៅអ៊ុយក្រែន និងប៉ូឡូញ នៅថ្ងៃទី១៨-២២ខែធ្នូ។
នៅទីក្រុងគីវ ពួកគេ បានជួបជាមួយលោក Ruslan Stefanchuk ប្រធានសភាអ៊ុយក្រែន សមាជិកសភា រដ្ឋមន្ត្រីការពារជាតិ លោក Rustem Umierov និង លោក Ihor Zhovkva អនុប្រធានការិយាល័យប្រធានាធិបតីអ៊ុយក្រែន និង លោក Kyrylo Budanov ប្រធានផ្នែកចារកម្មការពារជាតិ នៃប្រទេសអ៊ុយក្រែន។
នៅប្រទេសប៉ូឡូញ គណៈប្រតិភូនេះ បានជួបប្រជុំជាមួយគណៈកម្មាធិការប្រវត្តិសាស្ត្រ នៃសភាប៉ូឡូញ និងទីប្រឹក្សាសន្តិសុខរបស់លោកប្រធានាធិបតី Andrzej Duda៕
