យោងតាមរបាយការណ៍សមរភូមិចុងក្រោយរបស់ភាគីទាំងពីរ បានឲ្យដឹងថា កងទ័ពរុស្ស៊ី និងអ៊ុយក្រែនបានបន្តការបាញ់ប្រហារគ្នា កាលពីថ្ងៃសុក្រ ដោយភាគីនីមួយៗអះអាងថា បានវាយប្រហារគោលដៅយោធារបស់ភាគីម្ខាងទៀត។
ក្រសួងការពារជាតិរុស្ស៊ីកាលពីថ្ងៃសុក្រ បានរាយការណ៍ នៅក្នុងបទសម្ភាសន៍មួយថា ក្នុងអំឡុងសប្តាហ៍មុនកងកម្លាំងរុស្ស៊ី បានវាយបកដោយជោគជ័យទៅលើការវាយលុករបស់អ៊ុយក្រែនជាច្រើនលើក ក្នុងទិសដៅតំបន់ Kupyansk, Lyman និង Donetsk ហើយបានវាយប្រហារទៅលើហេដ្ឋារចនាសម្ព័ន្ធយោធាអ៊ុយក្រែន លេនដ្ឋាន និងគោលដៅផ្សេងទៀត។
អគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន (AFU) បានរាយការណ៍នៅថ្ងៃដដែលនោះថា ក្នុងរយៈពេល ២៤ម៉ោងមុន កងទ័ពអ៊ុយក្រែន បានបន្តការបាញ់ប្រហារជាមួយកងទ័ពរុស្ស៊ីក្នុងទិសដៅជាច្រើនរួមទាំងច្រាំងខាងឆ្វេងនៃទន្លេ Dnieper។
កងទ័ពអាកាសអ៊ុយក្រែន ក៏បានវាយប្រហារទីតាំងយោធា និងគ្រឿងយុទ្ធោបករណ៍របស់រុស្ស៊ីផងដែរ ដែលអង្គភាពការពារដែនអាកាសអ៊ុយក្រែន បានបាញ់ទម្លាក់យន្តហោះរុស្ស៊ី Su-34 មួយគ្រឿង។
កងទ័ព ក៏បានរាយការណ៍ផងដែរថា អង្គភាពរ៉ុក្កែតអ៊ុយក្រែន បានវាយប្រហារគោលដៅជាច្រើនរបស់រុស្ស៊ី រួមទាំងឃ្លាំងគ្រាប់រំសេវ និងប៉ុស្តិ៍បញ្ជាការផងដែរ៕

