ក្រសួងការបរទេសប៉ាឡេស្ទីន និងក្រុមអ៊ីស្លាមហាម៉ាស បានចេញសេចក្តីថ្លែងការណ៍ប្រឆាំងកាលពីថ្ងៃសុក្រ ដើម្បីឆ្លើយតបទៅនឹងការអនុម័តដោយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទៅលើសេចក្តីសម្រេចដែលមានបំណងជួយនាំយកជំនួយមនុស្សធម៌បន្ថែមទៀតចូល ទៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប។
ក្រសួងការបរទេសប៉ាឡេស្ទីនដែលជាផ្នែកមួយនៃអាជ្ញាធរប៉ាឡេស្ទីនដែលមានមូលដ្ឋាន នៅវេសបែង បានហៅសេចក្តីសម្រេចនេះថា ជាចំណាត់ការមួយក្នុងទិសដៅត្រឹមត្រូវ ហើយបាននិយាយថា វានឹងជួយ «បញ្ចប់ការឈ្លានពាន ធានាដល់ជំនួយចូលមកដល់ និងការពារប្រជាជនប៉ាឡេស្ទីន»។
សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស បាននិយាយថា «យើងចាត់ទុកវាជាចំណាត់ការមួយដែលអាចរួមចំណែកក្នុងការកាត់បន្ថយការឈឺចាប់របស់ប្រជាជនរបស់យើង នៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប»។
ប៉ុន្តែក្រុមហាម៉ាស ដែលជាក្រុមសកម្មប្រយុទ្ធដែលគ្រប់គ្រងតំបន់ហ្កាហ្សា បានហៅសេចក្តីសម្រេចនេះថាជា «ចំណាត់ការមិនគ្រប់គ្រាន់» សម្រាប់បំពេញតម្រូវការរបស់ដែនដីដ៏ក្រីក្រនេះ៕

