អ៊ុយក្រែន ៖ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy និយាយកាលពីថ្ងៃសុក្រថា កងកម្លាំងប្រទេសរបស់លោក បានបាញ់ទម្លាក់យន្តហោះចម្បាំង Su-34 របស់រុស្ស៊ីចំនួន ៣គ្រឿងនៅសមភូមិមុខក្នុងតំបន់ភាគខាងត្បូងប្រទេស ហើយលោកបានចាត់ទុកថាវាគឺជាជោគជ័យមួយនៅក្នុងសង្រ្គាមរយៈពេល ២២ខែ ។
ទោះបីជាយ៉ាងណាក៏ដោយ យោធារុស្ស៊ី ពុំបានអះអាងពីឧបទ្ទេវហេតុមួយនេះឡើយ ។
នៅក្នុងសុន្ទរកថាជាវីដេអូនៅពេលយប់ លោក Zelenskiy បានកោតសរសើរដល់អង្គភាពប្រឆាំងយន្តហោះនៅតំបន់ Odesa សម្រាប់ការបាញ់ទម្លាក់យន្តហោះនៅតំបន់ Kherson ។
តំបន់មួយនេះ ត្រូវបានកាន់កាប់នៅថ្ងៃដំបូងនៃការវាយលុករបស់ទីក្រុងម៉ូស្គូ កាលពីខែកុម្ភៈ ឆ្នាំ ២០២២ ។ កងកម្លាំងអ៊ុយក្រែន បានប្រឹងប្រែងវាយដណ្តើមតំបន់មួយនេះមកវិញ ហើយកាលពីខែវិច្ឆិកាកន្លងទៅ ពួកគេបានបោះទីតាំងឈរជើងនៅច្រាំងភាគខាងកើតទន្លេ Dnipro ស្ថិតក្នុងតំបន់ Kherson ។
សារព័ត៌មានប្រចាំថ្ងៃ Eurasia Daily ដែលមានមូលដ្ឋាននៅក្នុងប្រទេសរុស្ស៊ី បានរាយការណ៍ថា ទីក្រុងគីវ អាចបាញ់មីស៊ីល Patriot ដែលមានរយៈចម្ងាយរហូតដល់ ១៦០គ.ម មកលើគោលដៅរយៈកម្ពស់ខ្ពស់ ចេញពីច្រាំងខាងលិចទន្លេ Dnipro ៕

