អាល្លឺម៉ង់ ៖ ក្រុមនគរបាលអាល្លឺម៉ង់ បាននិយាយកាលពីថ្ងៃសៅរ៍ថា ពួកគេបានរឹតបន្តឹងសន្តិសុខនៅតាមវិហារក្រុង Cologne បន្ទាប់ពីមានការចង្អុរបង្ហាញពីការវាយប្រហារគ្រោងទុកនៅមុនថ្ងៃចូលឆ្នាំសកលខាងមុខនេះ ហើយនិងស្របពេលមានការព្រមានពីរដ្ឋាភិបាលក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ ពីការគំរាមកំហែងកើនឡើងនៃអំពើហិង្សាអ៊ីស្លាម ។
នគរបាលនិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ពួកគេបានប្រើប្រាស់សុនខតាមដានដើម្បីត្រួតពិនិត្យវិហារ ក្រោយការជួបជុំគ្នាពេលល្ងាច ហើយបន្ទាប់មកក៏បានបិទការជួបជុំគ្នាវិញ ។
នៅថ្ងៃអាទិត្យសប្តាហ៍ក្រោយ ដែលជាថ្ងៃមុនថ្ងៃចូលឆ្នាំសកល ពួកគេនឹងត្រួតពិនិត្យសន្តិសុខលើភ្ញៀវទាំងអស់ ហើយនិងណែនាំឲ្យរៀបចំកម្មពិធីឲ្យបានលឿន ។
ក្រុមនគរបាលបាននិយាយថា ពួកគេមិនអាចបញ្ជាក់លម្អិតបានទេ ដោយគ្រាន់តែលើកឡើងពីការស៊ើបអង្កេតកំពុងបន្ត។
សារព័ត៌មានអាល្លឺម៉ង់ Bild បានរាយការណ៍ថា ក្រុមអាជ្ញាធរសន្តិសុខនៅប្រទេសអូទ្រីស អាល្លឺម៉ង់ និងអេស្ប៉ាញ ទទួលបានការចង្អុរបង្ហាញថា ក្រុមអ៊ីស្លាម ចង់បើកការវាយប្រហារអំឡុងពិធីបុណ្យណូអែល និងចូលឆ្នាំសកល ។
ក្រុមនគរបាលអូទ្រីស និយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ពួកគេបង្កើនសន្តិសុខនៅតាមវិហារ និងផ្សារណូអែល និងប្រាប់ក្រុមអាជ្ញាធរឲ្យប្រុងជើងការខ្ពស់ ៕

