អុីស្រាអែល ៖ កាលពីថ្ងៃសៅរ៍ម្សិលមិញ អ៊ីស្រាអែល បានវាយប្រហារលើទីតាំងជាច្រើនកន្លែងនៅតំបន់ភាគខាងជើងហ្គាហ្សា រួមទាំងទីក្រុង Jabalia ស្របពេលដែលពួកគេបង្កើនប្រតិបត្តិការសឹករបស់ពួកគេនៅក្នុងតំបន់ឡោមព័ទ្ធមួយនេះ ។
រូបភាពវីដេអូឃ្លីបទទួលបានដោយទីភ្នាក់ងាររ៉យទ័រ ឃើញសង្កាត់ជាច្រើននៅក្នុងទីក្រុង Jabalia រងការខូចខាត ហើយគំនរបាក់បែក និងកម្ទេចកម្ទី រាយប៉ាយពាសពេញផ្លូវ ។
អ្នកស្រុកនៅតំបន់ហ្គាហ្សា បានរាយការណ៍ពីការទម្លាក់គ្រាប់បែកឥតឈប់ឈរ និងការផ្លោងគ្រាប់កាំភ្លើងធំពីរថក្រោះអ៊ីស្រាអែល ដែលពួកគេនិយាយថា ចូលកាន់តែជ្រៅទៅក្នុងទីក្រុង Jabalia ដែលជាទីកន្លែងជំរំជនភៀសខ្លួនធំបំផុតនៅក្នុងតំបន់ហ្គាហ្សា ។
ការធ្វើបច្ចុប្បន្នភាពចុងក្រោយពីគ្រោះថ្នាក់របស់ក្រសួងសុខាភិបាលក្នុងតំបន់ហ្គាហ្សា បានឲ្យដឹងថា ជនប៉ាឡេស្ទីនចំនួន ២០.០៥៧នាក់ ត្រូវបានសម្លាប់ និងមនុស្ស ៥៣.៣២០នាក់ផ្សេងទៀត បានរងរបួស អំឡុងការវាយប្រហាររបស់អ៊ីស្រាអែល ដែលបានបំផ្លិចបំផ្លាញតំបន់ជាច្រើននៅហ្គាហ្សា ។
ការវាយប្រហារតាមច្រកអាកាស ការទម្លាក់គ្រាប់បែក និងការប្រយុទ្ធគ្នា ត្រូវបានរាយការណ៍ផងដែរនៅទូទំាងតំបន់ហ្គាហ្សា កាលពីយប់ថ្ងៃសុក្រ ស្របពេលដែលក្តីសង្ឃឹមកាន់តែលែងមានសម្រាប់កិច្ចពិភាក្សានៅប្រទេសអេហ្ស៊ីប ដែលមានគោលដៅឲ្យភាគីបង្កសង្រ្គាមអ៊ីស្រាអែល និងក្រុមហាម៉ាស ឈានដល់បទឈប់បាញ់ថ្មី ៕

