អុីស្រាអែល ៖ ជម្លោះជុំចុងក្រោយបំផុតរវាងប៉ាឡេស្ទីន និងអ៊ីស្រាអែល បានឆក់យកជីវិតមនុស្សជាង ២០.២០០នាក់ នៅខាងប៉ាឡេស្ទីនចាប់តាំងពីបានផ្ទុះឡើងនៅថ្ងៃទី០៧ ខែតុលា មកខណៈដែលអ៊ីស្រាអែល បានអះអាងថាខ្លួននឹងពង្រីកប្រតិបត្តិការយោធាជើងគោកនៅតំបន់ហ្កាហ្សាស្ទ្រីប ដែលហែកហួរដោយសង្រ្គាមបន្ថែមទៀត។
ចំនួនអ្នកស្លាប់របស់ប៉ាឡេស្ទីន ពីការវាយប្រហាររបស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សា បានកើនឡើងដល់ ២០.២៥៨នាក់ និងមនុស្ស ៥៣.៦៨៨នាក់ ផ្សេងទៀតបានរងរបួសចាប់តាំងពីថ្ងៃទី០៧ ខែតុលា មកនេះបើយោងតាមទិន្នន័យចុងក្រោយដែលចេញផ្សាយដោយក្រសួងសុខាភិបាលដែលមានមូលដ្ឋាននៅហ្កាហ្សាកាលពីថ្ងៃសៅរ៍ (២៣ ធ្នូ)។
យោងតាមទិន្នន័យបានឱ្យដឹងថាក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ ជនជាតិប៉ាឡេស្ទីនប្រមាណ ២០១នាក់ត្រូវបានសម្លាប់ និងមនុស្ស ៣៦៨នាក់ ផ្សេងទៀតបានរងរបួសនៅក្នុងការវាយឆ្មក់របស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា។
កងកម្លាំងការពារអ៊ីស្រាអែល (IDF) កាលពីថ្ងៃសៅរ៍បានអះអាងថា ការផ្តោតសំខាន់នៃការវាយប្រហាររបស់ខ្លួនគឺផ្លូវរូងក្រោមដីរបស់ក្រុមហាម៉ាស ហើយថាខ្លួននឹងពង្រីកប្រតិបត្តិការយោធាបន្ថែមទៀតនៅតំបន់ហ្កាហ្សាស្ទ្រីប ភាគខាងត្បូងក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។
អ្នកនាំពាក្យរបស់កងកម្លាំង IDF បាននិយាយថា រហូតមកដល់ពេលនេះ កងទ័ពអ៊ីស្រាអែលបានបំផ្លាញ ឬរឹបអូសអាវុធប្រមាណ ៣០.០០០ដើមនៅតំបន់ហ្កាហ្សាស្ទ្រីប៕

