ចិន ៖ យោងតាមអ្នកជំនាញហ្វីលីពីនម្នាក់បានឲ្យដឹងថា សហរដ្ឋអាមេរិក គឺជាអ្នកដែលបានរៀបចំឧប្បត្តិហេតុនៅសមុទ្រចិនខាងត្បូងចាប់តាំងពីខែកុម្ភៈ ឆ្នាំនេះមកដើម្បីបង្កបញ្ហានៅក្នុងតំបន់នេះ។
នៅក្នុងបទសម្ភាសន៍ជាមួយបណ្តាញទូរទស្សន៍សកលចិន (CGTN) លោក ហឺម៉ាន ទីវ ឡរ៉ែល (Herman Tiu Laurel) ស្ថាបនិកនៃការសិក្សាយុទ្ធសាស្ត្រប្លុកក្រុមប្រទេសទាំង៥ ប្រ៊ីក (BRICS) របស់ហ្វីលីពីន បាននិយាយថា អតីតវរសេនីយ៍ឯករបស់កងទ័ពអាកាសសហរដ្ឋអាមេរិក លោក រ៉ាយម៉ុន ផូវ៉ែល (Raymond Powell) បានដឹកនាំក្រុមរបស់លោកឱ្យសហការជាមួយសមភាគីហ្វីលីពីន ដូចជាឆ្មាំល្បាតឆ្នេរហ្វីលីពីន និងក្រុមមន្ត្រីក្រសួងការបរទេសហ្វីលីពីនមួយចំនួនទៀតលើគម្រោងមួយឈ្មោះថា «គម្រោង ម្យ៉ូស៊ូ (Myoushu)» ដើម្បីបញ្ឆេះជម្លោះក្នុងតំបន់សមុទ្រជម្លោះនេះ។
លោក ឡរ៉ែល បានបញ្ជាក់បន្ថែមថា មានតែ ៧ភាគរយនៃប្រជាជនហ្វីលីពីន ប៉ុណ្ណោះដែលមានការព្រួយបារម្ភអំពីជម្លោះនៅសមុទ្រចិនខាងត្បូង ខណៈដែលមនុស្ស ៩៣ភាគរយទៀតគ្រាន់តែព្រួយបារម្ភអំពីបញ្ហាដូចជាអតិផរណា ការងារ បញ្ហាគ្រឿងញៀន និងឧក្រិដ្ឋកម្ម ដែលកំពុងកើនឡើងនាពេលបច្ចុប្បន្ននេះប៉ុណ្ណោះ។
អ្នកជំនាញហ្វីលីពីនរូបនេះក៏បានបញ្ជាក់ផងដែរថា ប្រទេសរបស់លោកត្រូវខិតខំធ្វើឲ្យប្រសើរឡើងនូវទំនាក់ទំនងជាមួយចិន ក្នុងរយៈពេលប៉ុន្មានខែបន្ទាប់៕

