ស៊ូដង់ ៖ ជនភៀសខ្លួនមួយចំនួនធំដែលរត់ភៀសខ្លួនទៅកាន់ទីក្រុងកំពង់ផែ ផតស៊ូដាន ដែលជាលទ្ធផលនៃសង្រ្គាមដ៏រ៉ាំរ៉ៃរវាងក្រុមយោធាគូប្រជែងទាំងពីរនៅក្នុងប្រទេសស៊ូដង់ ត្រូវប្រឈមមុខនឹងការលំបាកថ្មីនៃការរស់នៅ រួមទាំងការដំឡើងថ្លៃទំនិញ និងកង្វះខាតការផ្គត់ផ្គង់។
ជម្លោះរវាងកងកម្លាំងប្រដាប់អាវុធស៊ូដង់ និងកងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា RSF ដែលបានផ្ទុះឡើងកាលពីថ្ងៃទី១៥ ខែមេសា បានធ្វើឲ្យមនុស្សជាង ៦,៧លាននាក់ នៅក្នុងប្រទេសស៊ូដង់ ត្រូវជម្លៀសខ្លួន នេះបើយោងតាមការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌។
បន្ទាប់ពីជម្លោះប្រដាប់អាវុធបានផ្ទុះឡើងនៅក្នុងប្រទេសស៊ូដង់ ស្ថាប័នរដ្ឋាភិបាលផ្សេងៗ ទីភ្នាក់ងារអង្គការសហប្រជាជាតិ អង្គការជំនួយមនុស្សធម៌ និងទីស្នាក់ការក្រុមហ៊ុនជាច្រើនបានផ្លាស់ប្តូរទីតាំងពីរដ្ឋធានី ខាទុម (Khartoum) ដែលហែកហួរដោយសង្រ្គាមទៅកាន់ទីក្រុងកំពង់ផែ ផតស៊ូដាន។ ទន្ទឹមនឹងនេះ លំហូរចូលនៃជនភៀសខ្លួនជាង ១០០.០០០នាក់ បានបណ្តាលឱ្យមានការខ្វះខាតការផ្គត់ផ្គង់ផ្សេងៗនៅក្នុងទីក្រុងកំពង់ផែមួយនេះ។
តម្លៃអាហារក្នុងស្រុកបានកើនឡើងចំនួន ៦០ភាគរយចាប់តាំងពីការផ្ទុះឡើងនៃជម្លោះមក។ ការប្រើប្រាស់ទឹក អគ្គិសនី និងប្រេងឥន្ធនៈបានកើនឡើងយ៉ាងខ្លាំង។ កង្វះខាតប្រេងឥន្ធនៈបានកើតឡើង ហើយការផ្គត់ផ្គង់ទឹក និងអគ្គិសនីត្រូវបានរំខានជាញឹកញាប់៕

