តៃវ់ាន់ ៖ អាជ្ញាធរការពារជាតិកោះតៃវ៉ាន់បាននិយាយនៅថ្ងៃអាទិត្យ (២៤ ធ្នូ) នេះថាក្នុងរយៈពេល ២៤ម៉ោងមុន ខ្លួនបានរកឃើញយន្តហោះចម្បាំងចិនចំនួន ៨គ្រឿង ឆ្លងកាត់ខ្សែបន្ទាត់មេដ្យាននៃច្រកសមុទ្រកោះតៃវ៉ាន់ ក៏ដូចជាបាឡុងរបស់ចិនចំនួនមួយគ្រឿង។
កោះតៃវ៉ាន់ ដែលចិនអះអាងសិទ្ធថាជាទឹកដីរបស់ខ្លួនបានត្អូញត្អែរម្តងហើយម្តងទៀតអំពីសកម្មភាពយោធារបស់ចិនជុំវិញកោះនេះក្នុងរយៈពេលបួនឆ្នាំចុងក្រោយនេះ។ ប្រទេសចិន បាននឹងកំពុងបង្កើនបេសកកម្មរបស់ខ្លួននៅជិតកោះតៃវ៉ាន់ នៅពេលដែលការបោះឆ្នោតមេដឹកនាំ និងសភានៅថ្ងៃទី១៣ ខែមករា នៅលើកោះនេះខិតជិតមកដល់។
អាជ្ញាធរការពារជាតិកោះតៃវ៉ាន់បាននិយាយថា យន្តហោះចម្បាំងរបស់ចិនប្រភេទ J-10 យន្តហោះចម្បាំង J-11 និងយន្តហោះ J-16 បានឆ្លងកាត់ខ្សែបន្ទាត់មេដ្យាននៅចំនុចភាគខាងជើង និងកណ្តាលនៃច្រកសមុទ្រ។ ខ្សែបន្ទាត់មេដ្យាននេះធ្លាប់ធ្វើជារបាំងមិនផ្លូវការរវាងភាគីទាំងពីរ ប៉ុន្តែឥឡូវនេះយន្តហោះរបស់ចិនតែងតែហោះហើរពីលើនោះ។
អាជ្ញាធរតៃវ៉ាន់ក៏បានរាយការណ៍ថាមានបាឡុងចិនចំនួនមួយគ្រឿងនៅក្នុងច្រកសមុទ្រខ្លួន នៅក្នុងភាពតានតឹងចុងក្រោយនៃអ្វីដែលកោះតៃវ៉ាន់និយាយថាទំនងជាបាឡុងសម្រាប់តាមដានអាកាសធាតុ ដែលជំរុញដោយខ្យល់បក់បោកនៅរដូវនេះនៃឆ្នាំនេះ៕

