ការវាយប្រហាររបស់អ៊ីស្រាអែលដែលបានចាប់ផ្តើមប៉ុន្មានម៉ោងមុនពាក់កណ្តាលអធ្រាត្រ បានបន្តឈានចូលដល់ថ្ងៃបុណ្យណូអែលនៅថ្ងៃចន្ទទី២៥ខែធ្នូនេះ ។ អ្នកស្រុក និងប្រព័ន្ធផ្សព្វផ្សាយប៉ាឡេស្ទីនបាននិយាយថា អ៊ីស្រាអែលបានបង្កើនការបាញ់ផ្លោងតាមអាកាស និងថ្មើរជើងដាក់គោលដៅលើ ជំរំជនភៀសខ្លួន អាល់ ប៊ូរ៉េច (al-Bureij) នៅកណ្តាលតំបន់ហ្កាហ្សា។

អ្នកនាំពាក្យក្រសួងសុខាភិបាលលោក អាស្រាហ្វ អាល់ គីដ្រា (Ashraf Al-Qidra) បាននិយាយថា មនុស្សយ៉ាងហោចណាស់ ៧០ នាក់បានស្លាប់នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលដាក់គោលដៅលើទីក្រុង ម៉ាហ្កាហ្ស៊ី (Maghazi) នៅកណ្តាលតំបន់ហ្កាហ្សា ដោយបន្ថែមថា អ្នកស្លាប់ ភាគច្រើន ជាស្ត្រី និងកុមារ។
កងទ័ពអ៊ីស្រាអែលបាននិយាយថា ខ្លួនកំពុងពិនិត្យឡើងវិញលើរបាយការណ៍នៃឧបទ្ទវហេតុ នៅទីក្រុង ម៉ាហ្កាហ្ស៊ី ហើយបានប្តេជ្ញាចិត្តកាត់បន្ថយគ្រោះថ្នាក់ដល់ជនស៊ីវិល។ ក្រុមហាម៉ាស បានបដិសេធការចោទប្រកាន់ របស់អ៊ីស្រាអែល ដែលថា ខ្លួន ធ្វើប្រតិបត្តិការនៅក្នុងតំបន់ដែលមានប្រជាជនរស់នៅច្រើន ឬប្រើប្រាស់ជនស៊ីវិលជាខែលមនុស្សការពារពួកគេ។

អឌ្ឍចន្ទក្រហមប៉ាឡេស្ទីនបានផ្សព្វផ្សាយវីដេអូនៃអ្នករបួសត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យ។ ទីភ្នាក់ផ្ដល់ជំនួយនេះ បាននិយាយថា យន្តហោះចម្បាំងអ៊ីស្រាអែលកំពុងទម្លាក់គ្រាប់បែកលើផ្លូវសំខាន់ៗរវាងតំបន់ហ្កាហ្សាភាគកណ្តាល ដោយរារាំង ដល់ការឆ្លងកាត់រថយន្តគិលានសង្គ្រោះ និងរថយន្តសង្គ្រោះបន្ទាន់។ក្រុមគ្រូពេទ្យបាននិយាយថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលដាច់ដោយឡែកមួយទៀតនៅ ទីក្រុង Khan Younis ភាគខាងត្បូងហ្កាហ្សា សម្លាប់ជនជាតិប៉ាឡេស្ទីន៨នាក់។
បព្វជិតបានលុបចោលការប្រារព្ធពិធីបុណ្យណូអែលឬគ្រីសម៉ាសនៅក្រុងបេថ្លេហឹម(Bethlehem) ក្នុងតំបន់ West Bank របស់ប៉ាឡេស្ទីន គ្រប់គ្រងដោយអ៊ីស្រាអែល ជាទីដែលមានទំនៀមទម្លាប់ ដែលថាព្រះយេស៊ូ បានប្រសូតក្នុងទឹកដីដ៏ពិសិដ្ឋនេះកាលពី ២០០០ ឆ្នាំមុន៕
