យោធាអ៊ីស្រាអែលបាននិយាយកាលពីថ្ងៃអាទិត្យ (២៤ ធ្នូ) ថាចំណាប់ថ្នូរជនជាតិអ៊ីស្រាអែល ៥នាក់ ត្រូវបានសម្លាប់នៅក្នុងការចាប់ជាឈ្លើយសឹករបស់ក្រុមហាម៉ាស ហើយសាកសពរបស់ពួកគេត្រូវបានរកឃើញក្នុងបណ្តាញផ្លូវរូងក្រោមដីនៅភាគខាងជើងតំបន់ហ្កាហ្សាស្ទ្រីប ដោយបង្ហាញរូបភាពនៃបន្ទប់ទឹក និងបន្ទប់ធ្វើការដែលធ្វើពីដីឥដ្ឋពណ៌ស ដែលភ្ជាប់ដោយផ្លូវបេតុងដ៏ងងឹត។

ការប្រកាសនេះបានបន្សល់ទុកនូវសំណួរថាតើពួកគេបានស្លាប់ដោយរបៀបណា ខណៈអ្នកនាំពាក្យយោធាជាន់ខ្ពស់ លោកឧត្តមនាវីឯក ដានីញ៉ែល ហាហ្ការី (Daniel Hagari) បាននិយាយថា របាយការណ៍ក្រោយការធ្វើកោសល្យវិច័យជិតចេញលទ្ធផលហើយ។
លោកបានបាននិយាយថា «យើងនឹងធ្វើការសង្ខេបដល់ក្រុមគ្រួសារជនរងគ្រោះ ហើយបន្ទាប់មកអាស្រ័យលើអ្វីដែលពួកគេយល់ស្របជាសាធារណៈ»។

អ្នកដែលបានស្លាប់នោះរួមមាន ទាហាន ៣នាក់ និងជនស៊ីវិល ២នាក់ ដែលស្ថិតក្នុងចំណោមមនុស្ស ២៤០នាក់ ដែលត្រូវបានខ្មាន់កាំភ្លើងក្រុមហាម៉ាស ចាប់ខ្លួនត្រឡប់ទៅតំបន់ហ្កាហ្សាស្ទ្រីប អំឡុងពេលការវាយលុកឆ្លងព្រំដែនកាលពីថ្ងៃទី០៧ ខែតុលា ដែលបង្កឱ្យមានសង្រ្គាមដ៏តានតឹងនេះ។ យោធាបានប្រកាសពីការធ្វើមាតុភូមិនិវត្តន៍សាកសពរបស់ពួកគេនៅដើមខែនេះ។
ការប្រកាសរបស់យោធាកាលពីថ្ងៃអាទិត្យនេះ បានកើតឡើងនៅពេលដែលលោកនាយករដ្ឋមន្រ្តី បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បាននិយាយថាអ៊ីស្រាអែល នឹងធ្វើឱ្យប្រតិបត្តិការកាន់តែស៊ីជម្រៅនៅក្នុងសង្គ្រាមដែលមានរយៈពេលជិត ១២សប្តាហ៍ ដែលចំនួនអ្នកស្លាប់ជនស៊ីវិលនៅតំបន់ហ្កាហ្សា បានធ្វើឱ្យមហាអំណាចលោកខាងលិចមិនពេញចិត្តជាខ្លាំង រួមទាំងការព្រួយបារម្ភពីចំណាប់ថ្នូរដែលនៅសេសសល់ចំនួន ១២៩នាក់ នៅតំបន់ហ្កាហ្សា៕
