ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០២៣នេះ បានអនុញ្ញាតឱ្យយុវជនសិស្សនិទ្ទេ A អន ផានិត និងក្រុមគ្រួសារ ដែលមានឪពុកម្ដាយជាជនមានពិការភាព ចូលជួបសំណេះសំណាលអំពីការសិក្សា និងដំណើរឆ្ពោះទៅបន្តការសិក្សារបស់យុវជនរូបនេះ នៅគេហដ្ឋានផ្ទាល់របស់សម្ដេច។
សម្ដេចតេជោ ហ៊ុន សែន បានសរសេរនៅលើបណ្ដាញសង្គមរបស់សម្ដេចនាព្រឹកនេះថា ថ្ងៃនេះ សម្ដេចបានអញ្ជើញឪពុកម្តាយ យុវជន អន ផានិត ដោយមានទាំងប្អូនស្រី និងសាមីខ្លួន ផានិត ផង មកផ្ទះរបស់សម្ដេច។
សម្ដេចតេជោ មានប្រសាសន៍ថា ឆ្លងកាត់ការសន្ទនា សម្ដេចបានពិនិត្យឃើញថា ឪពុកម្តាយរបស់ ផានិតដែលជាជនមានពិការទាំងពីរនាក់ពិតជាមនុស្សគួរឱ្យគោរពសម្រាប់ការលៈបង់ដើម្បីកូន និងក្រុមគ្រួសារ។
សម្ដេចតេជោមានប្រសាសន៍ថា រីឯ ផានិត វិញពិតជាក្មេងប្រកបដោយគុណធម៌ និងការចេះដឹងសាកសមជាសិស្សប្រឡងជាប់និទ្ទេស A។ ចំណែក ចៅស្រីដែលជាប្អូនរបស់ ផានិត បាននិងកំពុងឈានឆ្ពោះទៅបញ្ចប់ការសិក្សានូវកម្រិតមធ្យមសិក្សា ដើម្បីឈានឆ្ពោះទៅកាន់មហាវិទ្យាល័យនា ៣ឆ្នាំខាងមុខទៀត។
សម្ដេចតេជោ បានបញ្ជាក់ថា នេះជាករណីពិសេសដែល សម្ដេចត្រូវជួយដល់ ផានិត សម្រាប់ការរៀនសូត្រនៅភ្នំពេញផង និងឪពុកម្តាយនៅឯស្រុកកំណើតផង។ សម្ដេចមានប្រសានស៍ថា ធ្វើយ៉ាងនេះ ដើម្បីកុំឱ្យផានិត បារម្ភពីឪពុកម្តាយនៅឯស្រុក និងកុំឱ្យឪពុកម្តាយបារម្មពី ផានិត ដែលរៀននៅភ្នំពេញ។
សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានប្រកាស ជួយទំនុកបម្រុងសិស្សនិទ្ទេស A ដែលក្រខ្សត់ អន ផានិត និងក្រុមគ្រួសារ ដែលមានឪពុកម្តាយជាជនមានពិការភាពរស់នៅក្នុងខេត្តកំពតឱ្យបានរៀនសូត្រ និងរស់នៅសមរម្យឡើងវិញ។
សូមបញ្ជាក់ថា បេក្ខជនប្រឡងបាក់ឌុប ជាប់និទ្ទេស «A» ឈ្មោះ អន ផានិត រៀននៅវិទ្យាល័យសម្ដេចជាស៊ីម អង្គរជ័យ។ បច្ចុប្បន្នស្នាក់នៅភូមិព្រៃធំ ឃុំអង្គភ្នំតូច ស្រុកអង្គរជ័យ ខេត្តកំពត។ បើទោះបី ជីវភាពខ្វះខាត ហើយឪពុកម្ដាយមានពិការភាព ប៉ុន្ដែយុវជនរូបនេះបានតស៊ូខិតខំប្រឹងប្រែងរៀនសូត្ររហូតប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ជាប់បាននិទ្ទេស «A»៕









