នាវាដឹកទំនិញដែលត្រូវបានពិពណ៌នាថាជា «មានទំនាក់ទំនងជាមួយអ៊ីស្រាអែល» ត្រូវបានវាយប្រហារ ដោយយានដ្រូន នៅសមុទ្រអារ៉ាប់ ចំពេលមានការវាយប្រហារលើការដឹកជញ្ជូនទូទាំងពិភពលោកចាប់តាំងពីការផ្ទុះឡើងនៃសង្រ្គាមអ៊ីស្រាអែល-ហាម៉ាស។

ក្រុមហ៊ុនសន្តិសុខដែនសមុទ្ររបស់អង់គ្លេស Ambrey បាននិយាយ កាលពីព្រឹកថ្ងៃសៅរ៍ថា នាវាដឹកផលិតផលគីមី ដែលមានទង់ជាតិលីបេរីយ៉ា ត្រូវបានវាយប្រហារនៅចម្ងាយ ១២០ម៉ាយ ភាគនិរតីនៃទីក្រុងវីរ៉ាវ៉ាល(Veraval) ប្រទេសឥណ្ឌា។ ភ្លើងដែលឆេះ ត្រូវបានពន្លត់ដោយក្រុមនាវិក ដោយមិនមានមនុស្សរងគ្រោះឡើយ។

ក្រុមហ៊ុន Ambrey បាននិយាយនៅលើគេហទំព័ររបស់ខ្លួនថា៖«ការខូចខាតរចនាសម្ព័ន្ធមួយចំនួន ក៏ត្រូវបានរាយការណ៍ដែរ ហើយទឹកខ្លះ បានចូលនៅក្នុងនាវា។ នាវានោះ មានទំនាក់ទំនងជាមួយអ៊ីស្រាអែល។
ខណៈពេលដែលមិនទាន់មានក្រុមណាមួយចេញមុខទទួលខុសត្រូវចំពោះការវាយប្រហារនេះ ក្រុមឧទ្ទាម ហួទីដែលគាំទ្រដោយអ៊ីរ៉ង់ នៅយេម៉ែន បាននិងកំពុងធ្វើការវាយប្រហារជាបន្តបន្ទាប់ សំដៅលើនាវាដែលពាក់ព័ន្ធជាមួយអ៊ីស្រាអែល នៅសមុទ្រក្រហម និងសមុទ្រអារ៉ាប់ ក្នុងសាមគ្គីភាពជាមួយតំបន់ហ្កាហ្សា ដែលបានបង្កការរំខានយ៉ាងធ្ងន់ធ្ងរដល់ ផ្លូវដឹកជញ្ជូនសកលសំខាន់ៗ។