រដ្ឋាភិបាលបានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃសៅរ៍ (២៤ ធ្នូ) ថាខ្មាន់កាំភ្លើងបានសម្លាប់មនុស្សយ៉ាងហោចណាស់ ២០នាក់ និងបង្ករបួសដល់មនុស្ស ៩នាក់ ផ្សេងទៀតនៅជិតព្រំដែនភាគខាងលិចនៃប្រទេសប៊ូរុនឌី ជាមួយសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ នៅក្នុងការវាយប្រហារមួយដែលត្រូវបានអះអាងដោយក្រុមឧទ្ទាម តាបារ៉ាក្រហម (Red Tabara) ។

អ្នកនាំពាក្យរដ្ឋាភិបាលលោក ហ្សេរ៉ូម នីយ៉ុនហ្ស៊ីម៉ា (Jérôme Niyonzima) បាននិយាយថា អ្នកដែលត្រូវបានសម្លាប់នៅក្នុងការវាយឆ្មក់កាលពីល្ងាចថ្ងៃសុក្រ ទៅលើភូមិមួយឈ្មោះថា វ៉ុហ្កីហ្ស៊ូ (Vugizo) រួមមានកុមារចំនួន ១២នាក់ ស្ត្រីមានផ្ទៃពោះ ២នាក់ មន្ត្រីនគរបាលម្នាក់ និងអ្នកស្រុកជាច្រើននាក់ទៀត។

ក្រុមឧទ្ទាមតាបារ៉ាក្រហម ដែលកំពុងប្រយុទ្ធជាមួយរដ្ឋាភិបាលប៊ូរុនឌី ពីមូលដ្ឋាននៅភាគខាងកើតកុងហ្គោចាប់តាំងពីឆ្នាំ២០១៥ មកបានអះអាងនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ថាបានសម្លាប់ទាហាន៩នាក់ និងនគរបាលម្នាក់។ អ្នកស្រុកបាននិយាយថា ពួកគេបានឮសំឡេងកាំភ្លើង និងការផ្ទុះយ៉ាងខ្លាំងអំឡុងការវាយប្រហារនោះ៕
