ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ឯកឧត្តម លឹម គានហោ នៅព្រឹកថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០២០ បានដឹកនាំក្រុមការងារបច្ចេកទេសរបស់ក្រសួង ចុះពិនិត្យ និងបញ្ជាការងារអន្តរាគមន៍ផ្ទាល់ នៅលើបណ្តោយខ្នងទំនប់សណ្តរស្ទឹងព្រែកត្នោត ស្ថិតនៅក្នុងភូមិសាស្ត្រភាគខាងលិចរាជធានីភ្នំពេញ និងខេត្តកណ្តាល ខណៈដែលពេលនេះ កំពុងមានការប្រឈមខ្លាំងពីការវាយលុកដោយសារជំនន់ទឹកភ្លៀងពីផ្នែកខាងលើ ចូលរាជធានីភ្នំពេញ។
ឯកឧត្តម លឹម គានហោ បានមានប្រសាសថា ដោយសារតែទំនប់សណ្តរស្ទឹងព្រែកត្នោតនេះ កំពុងមានការប្រឈមខ្លាំង ក្រុមការងារបច្ចេកទេសនៃក្រសួងក្រសួងធនធានទឹក និងឧតុនិយម បាននិងចុះកំពុងអន្តរាគមន៍ ២៤ម៉ោងលើ២៤ម៉ោង អស់រយៈពេលជា ១សប្តាហ៍កន្លងមកហើយ តាមរយៈការតាមដាន ការទប់បាវខ្សាច់ ការបិទសន្តនាគហូរច្រោះទំនប់ និងការត្រៀមគ្រឿងចក្រ និងកម្លាំងជាច្រើននាក់។
ការប្រឈមខ្លាំងនាពេលនេះ គឺដោយសារតែស្ថានភាពស្ទឹងកាន់តែគោករាក់ ផ្ទៃស្ទឹងផ្នែកខាងក្រោមកាន់តែរួមតូច និងដោយសារមានភ្លៀងធ្លាក់ច្រើនជាគំហុក និងម្យ៉ាងទៀត ទំនប់សណ្តរស្ទឹងព្រែកត្នោតនេះ មានអាយុកាលជាច្រើនឆ្នាំណាស់មកហើយ។
ប៉ុន្តែទោះជាយ៉ាងណា ក្នុងពេលដ៏ខ្លីខាងមុខនេះ ក្រសួងធនធានទឹក និងឧតុនិយម នឹងចាប់ផ្តើមអនុវត្តគម្រោងប្រព័ន្ធស្រោចស្រព និងការពារទឹកជំនន់ស្ទឹងព្រែកត្នោតរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តតាកែវនេះ ឲ្យបានល្អប្រសើរ និងរឹងមាំ តាមរយៈជំនួយហិរញ្ញប្បទានពីសាធារណរដ្ឋប្រជាមានិតចិន ។
សូមបញ្ជាក់ថា ស្ថានភាពទឹកនៅទ្វារទំនប់អាងទឹក ៧មករា ស្ទឹងព្រែកត្នោតនៅព្រឹកមិញនេះ ទឹកមានកម្ពស់ ៨.៨0ម៉ែត្រ ធៀបនឹងថ្ងៃម្សិលមិញមានការកើនឡើង 0.៤៥ម៉ែត្របន្ថែមទៀត ខណៈដែលទឹកលើសកម្ពស់ឲ្យមានការប្រុងប្រយ័ត្នត្រឹម ៧ម៉ែត្រ ហើយនៅពេលនេះកម្ពស់ទឹកនៅក្នុងស្ទឹងព្រែកត្នោត បានហក់ឡើងដល់ជិតស្មើនឹងខ្នងទំនប់ នៅតាមទីទំនាបមួយចំនួន។
ប៉ុន្តែទោះជាយ៉ាងណាក៍ដោយ ក្រោមការចុះកំពុងអន្តរាគមន៍ ២៤ម៉ោងលើ២៤ម៉ោង តាមរយៈការតាមដាន ការទប់បាវខ្សាច់ ការបិទសន្តនាគហូរច្រោះទំនប់ និងការត្រៀមគ្រឿងចក្រ និងកម្លាំងជាច្រើននាក់ ក្នុងរយៈពេលជា១សប្តាហ៍មកដល់ពេលនេះ មិនទាន់មានអ្វីជាបញ្ហាបន្តទៀតទេ ស្របពេលដែលអាកាសធាតុបានធូរស្រាលបន្តិចឡើងវិញនេះ៕
