ចំនួនអ្នកស្លាប់ខាងប៉ាឡេស្ទីននៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប ដែលហែកហួរដោយសង្រ្គាម បានកើនឡើងដល់ ២០.៤២៤នាក់ និងមនុស្សជាង ៥៤.០០០នាក់ ផ្សេងទៀតបានរងរបួសចាប់តាំងពីការផ្ទុះឡើងនៃជម្លោះចុងក្រោយបំផុតរវាងប៉ាឡេស្ទីន និងអ៊ីស្រាអែល កាលពីថ្ងៃទី០៧ ខែតុលា មក។

យ៉ាងហោចណាស់ ជនជាតិប៉ាឡេស្ទីនចំនួន ១៦៦នាក់ ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល លើតំបន់ហ្កាហ្សា ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ ដែលភាគច្រើនជាស្ត្រី និងកុមារ។

កងទ័ពអ៊ីស្រាអែលបាននិយាយថា ទាហានអ៊ីស្រាអែលសរុបចំនួន ១៥នាក់ ត្រូវបញ្ជាក់បានស្លាប់នៅក្នុងតំបន់ហ្កាហ្សា កាលពីចុងសប្តាហ៍មុន ដែលនាំឱ្យទាហានអ៊ីស្រាអែលសរុបចំនួន ១៥៤នាក់ ត្រូវបានសម្លាប់ក្នុងអំឡុងពេលការវាយលុកជើងគោករបស់ខ្លួននៅក្នុងតំបន់ហ៊ុមព័ទ្ធនេះ។

ទោះបីជាបានទទួលស្គាល់ការបង់ខាត «តម្លៃដ៏ធ្ងន់ធ្ងរ» លើជីវិតរបស់ទាហានរបស់ខ្លួនក្នុងអំឡុងពេលការវាយលុករយៈពេល ៧៨ថ្ងៃដែលកំពុងបន្តក៏ដោយ នៅក្នុងសេចក្តីថ្លែងការណ៍ជាវីដេអូមួយ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បានប្រកាសថា «យើងកំពុងបង្កើនប្រតិបត្តិការបន្ថែមទៀតក្នុងសង្រ្គាមនៅតំបន់ហ្កាហ្សាស្រ្ទីប»។
ជនភៀសខ្លួននៅតំបន់ហ្កាហ្សា កំពុងប្រឈមនឹងវិបត្តិទុរ្ភិក្សធ្ងន់ធ្ងរ ដោយសារជំនួយមនុស្សធម៌តិចតួចប៉ុណ្ណោះដែលអាចទៅដល់តំបន់នោះ។ អង្គការស្បៀងអាហារ និងកសិកម្មនៃអង្គការសហប្រជាជាតិបាននិយាយថា បច្ចុប្បន្ននេះ តម្រូវការក្នុងស្រុកត្រឹមតែ ១០ភាគរយប៉ុណ្ណោះសម្រាប់ម្ហូបអាហារដែលអាចបំពេញបាននៅក្នុងតំបន់សង្រ្គាមមួយនេះ៕