មនុស្សរាប់ពាន់នាក់ បានមកប្រមូលផ្តុំគ្នានៅកណ្តាលទីក្រុង ប៊ែលក្រាដ(Belgrade) ក្នុងការតវ៉ាប្រឆាំងរដ្ឋាភិបាល កាលពីថ្ងៃអាទិត្យ ដើម្បីទាមទារឱ្យលុបចោលការបោះឆ្នោតសភា និងការបោះឆ្នោតតំបន់ រយៈពេលមួយសប្តាហ៍កន្លងទៅនេះ ដែលអ្នកសង្កេតការណ៍អន្តរជាតិ បាននិយាយថា អយុត្តិធម៌។

សាក្សីសារព័ត៌មាន Reuters បាននិយាយថា នគរបាល បានបាញ់ម្សៅម្រេច បន្ទាប់ពីហ្វូងមនុស្សព្យាយាមសម្រុកចូលទៅក្នុងសាលាក្រុង Belgrade ជាកន្លែងដែលគណៈកម្មាធិការរៀបចំការបោះឆ្នោតក្នុងតំបន់មានមូលដ្ឋាននៅទីនោះ។ ក្រុមបាតុករមួយចំនួន បានឡើងលើអគារ និងវាយបំបែកបង្អួច ខណៈ អ្នកតវ៉ាបានស្រែកថា «ជនក្បត់ជាតិ»។

ក្រុមបាតុករ បានព្យាយាមបើកទ្វារសាលាក្រុង ប៉ុន្តែមិនអាចចូលទៅបានទេ ខណៈហ្វូងមនុស្សស្រែកថា «សម្រុកចូល សម្រុកចូល» និងពាក្យថា «មិនចុះចាញ់» ។ សមាជិកម្នាក់ទៀតនៃប្រទេសស៊ែប៊ី ដែលប្រឆាំងអំពើហិង្សា លោក Marinika Tepic បានធ្វើកូដកម្មអត់អាហារ ចាប់តាំងពីការបោះឆ្នោតមក ដើម្បីទាមទារឱ្យមានការលុបចោល។
យោងតាមលទ្ធផលបឋមរបស់គណៈកម្មាធិការរៀបចំការបោះឆ្នោតរដ្ឋបានឱ្យដឹងថា គណបក្សជឿនលឿនស៊ែប៊ី (SNS) ដែលកំពុងកាន់អំណាចដ៏មានប្រជាប្រីយ៍ភាព បានឈ្នះ ៤៦,៧២ភាគរយ នៃសន្លឹកឆ្នោតនៅក្នុងការបោះឆ្នោតសភាមុនអាណត្តិកាលពីចុងសប្តាហ៍មុន។
បេសកកម្មឃ្លាំមើលអន្តរជាតិមួយ និយាយនៅថ្ងៃចន្ទនេះថា គណបក្សជឿនលឿនស៊ែប៊ី (SNS) ទទួលបានអត្ថប្រយោជន៍អយុត្តិធម៌ តាមរយៈការលំអៀងផ្នែកប្រព័ន្ធផ្សព្វផ្សាយ ឥទ្ធិពលមិនត្រឹមត្រូវរបស់ប្រធានាធិបតី លោក Aleksandar Vucic និងភាពមិនប្រក្រតីនៃការបោះឆ្នោត ដូចជាការទិញសន្លឹកឆ្នោតជាដើម។ ប៉ុន្តែ លោក Vucic និយាយថា ការបោះឆ្នោតមានភាពយុត្តិធម៌។