ប្រធានាធិបតី អ៊ុយក្រែន លោក Volodymyr Zelenskiy បានចេញសារមួយនៅថ្ងៃបុណ្យណូអែល ទៅកាន់ប្រជាជាតិរបស់លោក ដោយធានាដល់ពួកគេចំពោះជ័យជម្នះជាយថាហេតុ លើប្រទេសរុស្ស៊ី។
នៅក្នុងសារមួយ ដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យ លោក Zelenskiy បានឈរនៅពីមុខបរិវេណ វិហារ Pechersk Lavra ដ៏ល្បីល្បាញរបស់ទីក្រុងគីវ និងបាននិយាយអំពីការអធិស្ឋានសម្រាប់ការបញ្ចប់សង្រ្គាម ដែលបានចាប់ផ្តើមនៅពេលប្រទេសរុស្ស៊ី ចូលឈ្លានពានប្រទេសជិតខាងខ្លួន កាលពីខែកុម្ភៈឆ្នាំ ២០២២ ។

លោកបាននិយាយថា «ពីមួយជំហានទៅមួយជំហាន ពីមួយថ្ងៃទៅមួយថ្ងៃ ភាពងងឹតកំពុងបាត់បង់ទៅហើយទីបំផុតភាពងងឹតនឹងបាត់ ពួកបីសាចនឹងចាញ់។

ជាលើកដំបូងហើយ ដែលប្រទេសអ៊ុយក្រែន ប្រារព្ធពិធីបុណ្យណូអែល នៅថ្ងៃទី ២៥ ខែធ្នូនេះ បន្ទាប់ពី លោក Zelenskiy បានចុះហត្ថលេខាចូលជាច្បាប់នូវសេចក្តីស្នើច្បាប់របស់សភា ដើម្បី «បោះបង់ចោលបេតិកភណ្ឌវប្បធម៌និងសាសនារុស្ស៊ី» និងផ្លាស់ប្តូរថ្ងៃបុណ្យណូអែលផ្លូវការ ជាវិស្សមកាលរដ្ឋ ចាប់ពីថ្ងៃទី ៧ ខែមករា ជាចំណាត់ការមួយ ក្នុងគោលបំណងធ្វើឱ្យប្រទេសនៅឆ្ងាយពីប្រពៃណីរបស់រុស្ស៊ី។