អភិបាលរាជធានីភ្នំពេញពង្រឹងការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ និងហាមនគរបាលចរាចរណ៍មិនត្រូវស្លៀកពាក់ស៊ីវិលប្រើវិទ្យុទាក់ទងហៅស្ទាក់ចាប់យានយន្តឡើយ។

ថ្លែងក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ នាសាលារាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានី បានណែនាំឱ្យសមត្ថកិច្ចទាំងអស់ត្រូវពង្រឹងការអនុវត្តច្បាប់ចរារចរណ៍ផ្លូវគោកទៅតាមអនុសាសន៍ណែនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី ដោយសម្តេចបានមានប្រសាសន៍ហើយថា សម្តេចជាខ្នងបង្អែករបស់កងកម្លាំងក្នុងការអនុវត្តច្បាប់ ដូច្នេះត្រូវធ្វើការឱ្យបានត្រឹមត្រូវតាមច្បាប់ ប្រកបដោយឧត្ដមភាព។ ចំពោះមន្ត្រីនគរបាលចរាចរណ៍មិនត្រូវស្លៀកពាក់ស៊ីវិលហើយប្រើវិទ្យុទាក់ទង ដើម្បីស្ទាក់ចាប់យានយន្តដែលល្មើសច្បាប់ទេ ត្រូវតែប្រើប្រាស់ឯកសណ្ឋានឱ្យបានត្រឹមត្រូវ ជៀសវាងឱ្យបានពីការរិះគន់នៃការអនុវត្តច្បាប់ចរាចរណ៍នេះ។

ឯកឧត្តម ឃួង ស្រេង បន្ថែមថា នគរបាលចរាចរណ៍ មិនមែនអនុវត្តការងារលើតែបញ្ហាចរាចរណ៍នោះទេ តែត្រូវសហការគ្នាក្នុងរក្សាសន្តិសុខសណ្តាប់ធ្នាប់ ពោលគឺធ្វើយ៉ាងណាឱ្យភូមិ សង្កាត់ មានសុវត្ថិភាព។ ត្រូវពង្រឹងការទុកដាក់សំរាម ធ្វើឱ្យបរិស្ថានមានភាពល្អប្រសើរ រៀបចំសណ្តាប់ធ្លាប់ឱ្យបានល្អបន្ថែមទៀត មិនឱ្យមានការផ្ញើរម៉ូតូ រថយន្ត និងការលក់ដូរតាមដងផ្លូវដាច់ខាត ជាមួយគ្នានេះត្រូវលុបបំបាត់ល្បែងស៊ីសងគ្រប់ប្រភេទនៅក្នុងមូលដ្ឋាន។ អាជ្ញាធរខណ្ឌជាប់ព្រំប្រទល់ត្រូវសហការជាមួយបណ្ដាស្រុក និងខេត្តជាប់គ្នា ដើម្បីរក្សាឱ្យបាននូវសន្តិសុខល្អជូនប្រជាពលរដ្ឋ ព្រោះការងារសន្តិសុខ ជាការងារដែលត្រូវធ្វើជាប្រចាំ ពិសេសនៅចុងឆ្នាំនេះមានការងារច្រើនណាស់ដែលត្រូវអនុវត្ត ដើម្បីការពារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋដោយសារតែមានកម្មវិធីសប្បាយភាពច្រើនដែលកងកម្លាំងត្រូវការពារ និងពង្រឹងលើវិធានការទប់ស្កាត់ក្មេងទំនើងនៅតាមសាលារៀន៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា


