ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន បានចោទប្រកាន់ប្រទេសហ្វីលីពីន នៅថ្ងៃចន្ទ ទី២៥ ខែធ្នូនេះថា បានបំពាន លើដែនដីរបស់ប្រទេសចិននៅសមុទ្រចិនខាងត្បូងម្តងហើយម្តងទៀត ដោយបានផ្សព្វផ្សាយព័ត៌មានមិនពិត និងឃុបឃិតជាមួយកងកម្លាំងពីខាងក្រៅដែនដី ដើម្បីបង្កបញ្ហា។
សារព័ត៌មាន People's Daily បានសរសេរនៅក្នុងសេចក្តីអធិប្បាយមួយនៅថ្ងៃចន្ទនេះថា ប្រទេសហ្វីលីពីន បានពឹងផ្អែកលើការគាំទ្ររបស់សហរដ្ឋអាមេរិក ដើម្បីបន្តការបង្ករឿងដល់ប្រទេសចិន ដោយមានអាកប្បកិរិយា «គ្រោះថ្នាក់ខ្លាំង» ដែលធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សន្តិភាព និងស្ថិរភាព ក្នុងតំបន់។

ក្រសួងការបរទេសហ្វីលីពីន និងក្រុមការងារថ្នាក់ជាតិ ដែលគ្រប់គ្រងនៅសមុទ្រចិនខាងត្បូង ពុំបានឆ្លើយតបភ្លាមៗនោះទេ នៅថ្ងៃបុណ្យណូអែលនេះ ចំពោះសំណើសុំការអត្ថាធិប្បាយលើរបាយការណ៍នេះ។ ភាពតានតឹង រវាងទីក្រុងប៉េកាំង និងទីក្រុងម៉ានីល បានកើនឡើងខ្លាំងក្នុងប៉ុន្មានខែថ្មីៗនេះ ខណៈភាគីទាំងពីរបានចោទប្រកាន់គ្នាទៅវិញទៅមក ជុំវិញជម្លោះនៅសមុទ្រចិនខាងត្បូង រួមទាំងការចោទប្រកាន់ថា ប្រទេសចិនបានបុកនាវាមួយគ្រឿង កាលពីដើមខែនេះដោយមានដឹកមេបញ្ជាការកងកម្លាំងប្រដាប់អាវុធហ្វីលីពីន។

ប្រទេសចិន បានអះអាងសិទ្ធិភាគច្រើននៅសមុទ្រចិនខាងត្បូង ដែលផ្នែកមួយចំនួនក៏ត្រូវបានអះអាងសិទ្ធិដោយប្រទេសហ្វីលីពីន ប្រ៊ុយណេ ម៉ាឡេស៊ី កោះតៃវ៉ាន់ វៀតណាម និងប្រទេសឥណ្ឌូនេស៊ីផងដែរ។ តុលាការអន្តរជាតិ កាលពីឆ្នាំ ២០១៦ បានបដិសេធការអះអាងសិទ្ធិរបស់ប្រទេសចិន នៅក្នុងការចេញសេចក្តីសម្រេច លើសំណុំរឿងប្តឹងដោយប្រទេសហ្វីលីពីន ដែលទីក្រុងប៉េកាំងបានច្រានចោល។
នៅក្នុងការព្រមានដោយផ្ទាល់ខុសពីធម្មតា រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បាននិយាយកាលពីសប្តាហ៍មុនថា ការគិតខុសនៅក្នុងជម្លោះជាមួយហ្វីលីពីន នឹងនាំមកនូវការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ពីសំណាក់ប្រទេសចិន និងបានអំពាវនាវឱ្យមានការសន្ទនាដើម្បីដោះស្រាយការលំបាកធ្ងន់ធ្ងរ។ ប្រទេសចិន បានបង្ហាញកំហឹងចំពោះសហរដ្ឋអាមេរិកក្នុងខែនេះ សម្រាប់ការបញ្ជូននាវាកងទ័ពជើងទឹកចូលទៅក្នុងដែនទឹក នៅជិតតំបន់ជម្លោះ ដែលប្រទេសចិន និងហ្វីលីពីន មានការប្រឈមមុខដាក់គ្នាលើបញ្ហាដែនសមុទ្រជាច្រើន។