លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បាននិយាយកាលពីថ្ងៃអាទិត្យថា អ៊ីស្រាអែល កំពុងទទួលរងផលវិបាកដ៏ធ្ងន់ធ្ងរពីសង្គ្រាមរបស់ខ្លួន លើតំបន់ហ្កាហ្សា ខណៈដែលចំនួនទាហានដែលបានស្លាប់ ក្នុងការប្រយុទ្ធជាមួយក្រុមហាម៉ាស កើនឡើង។

លោកបានថ្លែង បន្ទាប់ពីកងទ័ពបានប្រកាសថា ទាហាន ១៤នាក់ ត្រូវបានសម្លាប់ នៅក្នុងទឹកដីប៉ាឡេ ស្ទីន ចាប់តាំងពីថ្ងៃសុក្រថា៖«នេះគឺជាពេលព្រឹកដ៏លំបាកមួយ បន្ទាប់ពីថ្ងៃដ៏លំបាកនៃការប្រយុទ្ធគ្នា នៅក្នុងតំបន់ហ្កាហ្សា»។

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បានប្តេជ្ញាបន្តសង្រ្គាម ដែលឥឡូវនេះ បានសម្លាប់ទាហានអ៊ីស្រាអែលជាង «១៥០នាក់ និងជនជាតិប៉ាឡេស្ទីនជាង ២០.000នាក់ នេះបើយោងតាមក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស។
លោកណេតាន់យ៉ាហ៊ូ បាននិយាយ នៅពេលលោកបើកកិច្ចប្រជុំគណៈរដ្ឋមន្ត្រីថា៖«សង្រ្គាមនេះ កំពុង ធ្វើឲ្យយើងទទួលរងផលវិបាកដ៏ធ្ងន់ធ្ងរ ប៉ុន្តែយើងពុំមានជម្រើសផ្សេង ក្រៅពីបន្តការប្រយុទ្ធនោះទេ»។
លោកបានថ្លែងទៀតថា៖«រដ្ឋាភិបាល និងប្រជាជនអ៊ីស្រាអែលទាំងអស់ សូមផ្ញើក្តីអាណិតអាសូររបស់យើង ដល់ក្រុមគ្រួសារវីរជន ដែលបានស្លាប់ក្នុងសង្គ្រាម ដើម្បីប្រទេសរបស់យើង»។