ភ្នំពេញ៖ ខួប២៥ឆ្នាំនៃអនុស្សាវរីយ៍នយោបាយ ឈ្នះ ឈ្នះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ត្រៀមសិល្បករ សិល្បការិនី ចូលរួមសម្តែងសិល្បៈជាច្រើនទម្រង់ជូនមហាជនទស្សនា។
លោក ឈាង ឆដាភ័ក្រ ប្រធាននាយកដ្ឋានសិល្បៈទស្សនីយភាព នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងប្រាប់BTV ព័ត៌មាន នាព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣នេះថា ខួប២៥ឆ្នាំ នៃអនុស្សាវរីយ៍នយោបាយ ឈ្នះ ឈ្នះ នាយកដ្ឋានសិល្បៈទស្សនីយភាព បានត្រៀមសិល្បករ សិល្បការិនីជាច្រើនរយនាក់ ដើម្បីចូលរួមសម្តែងសិល្បៈ ជាច្រើនទម្រង់ជូនមហាជនទស្សនា រយៈពេល៣ថ្ងៃ(ចាប់ពីថ្ងៃទី២៩-៣០-៣១ ខែធ្នូ ឆ្នាំ២០២៣)ខាងមុខនេះ។
ជាក់ស្តែងនៅព្រឹកនេះ ក៏មានលោកគ្រូ អ្នកគ្រូ និងសិល្បករ សិល្បការិនី ចំនួន៣ក្រុម កំពុងហ្វឹកហាត់ត្រៀមសម្តែងសិល្បៈ រួមមាន៖ របាំ អបអរសាទរខួប២៥ឆ្នាំ នៃការបញ្ចប់សង្គ្រាមស៊ីវិល នៅព្រះរាជាណាចក្រកម្ពុជា (របាំបង្កើតថ្មី) - ល្ខោនអាប៉េ រឿងនាងផ្ការំចង់ និងល្ខោនយីកេ រឿងមាយើង។
លោក ស៊ុ ចាន់ធឿន ប្រធានការិយាល័យនីតិកម្ម និងសិល្បៈទស្សនីយភាព និងជាគ្រូ អ្នកនិពន្ធ និងដឹកនាំរឿង ក្នុងទម្រង់សិល្បៈល្ខោនអាប៉េ បានលើកឡើងថា ដោយសារមានកម្មវិធីអបអរសាទរខួបលើកទី២៥ នៃការបញ្ចប់សង្រ្គាមស៊ីវីលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនយោបាយឈ្នះឈ្នះ និងខួប៥ឆ្នាំនៃការកសាងវិមានឈ្នះ-ឈ្នះ។
ដូច្នេះនាយកដ្ឋានសិល្បៈ និងទស្សនីយភាព មានគម្រោងត្រៀមដើម្បីសម្តែងក្នុងខួប២៥ឆ្នាំនៃអនុស្សាវរីយ៍នយោបាយ ឈ្នះ ឈ្នះ ដូចជារបាំ និងល្ខោន ទន្ទឹមនឹងនោះនៅផ្នែកលោកគ្រូ មានក្រុមសិល្បៈ សម្តែងល្ខោនអាប៉េ ដែលជាទម្រង់ល្ខោនបែបបុរាណ និងបាត់បង់ការសម្តែងយូរមកហើយ និងត្រៀមសម្តែងអបអរ និងបង្កបរិយាកាសសប្បាយរីករាយ និងបញ្រ្ជាបដល់មហាជន ប្រជាជន និងកូនចៅជំនាន់ បានទស្សនាចងចាំ និងចូលរួមថែរក្សា។
ជាចុងក្រោយលោក ស៊ុ ចាន់ធឿន សង្ឃឹមថា តាមរយៈការសម្តែងសិល្បៈ ដើម្បីអបអរសាទរខួប២៥ឆ្នាំនៃអនុស្សាវរីយ៍នយោបាយ ឈ្នះ ឈ្នះ គឺប្រជាជនយើងនឹងយល់ពីទម្រង់ល្ខោនអាប៉េ ឲ្យចូលរួមថែរក្សា និងបន្តមានការវិត្តន៍ទៅមុខទៀត ដែលមានលក្ខណៈកំប្លុកកំប្លែង ត្រៀមនឹងបាត់បង់ ត្រូវខិតខំប្រឹងធ្វើ ដោយសារតែដំណើរខឿនសន្តិភាព នៃការដឹកនាំរបស់រាជរដ្ឋាភិបាលអាណតិ្តថ្មី មានការអភិវឌ្ឍ រីកចម្រើនឥតឈប់ឈរ៕អត្ថបទ រដ្ឋា










