សហព័ន្ធកីឡាបាល់ទះកម្ពុជា បានជូនដំណឹងពីកាលបរិច្ឆេទ នៃការប្រកួតលីគបាល់ទះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលសហព័ន្ធប្រសិទ្ធនាមថា «លីគតេជោ» ហើយ ដោយព្រឹត្តិការណ៍ដ៏ធំលើកដំបូងនេះ គ្រោងនឹងធ្វើការប្រកួតពីថ្ងៃទី១២ ខែមករា ដល់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ ខាងមុខ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ។
តាមការបញ្ជាក់របស់មន្ដ្រីសហព័ន្ធ លីគបាល់ទះសម្ដេចតេជោ ហ៊ុន សែន លើកដំបូងនេះ នឹងមានក្រុមខ្លាំងៗ ៨ក្រុមចូលរួមប្រកួតប្រជែង រួមមានក្រុមបាល់ទះវិសាខា, ក្រសួងមហាផ្ទៃ, បញ្ជាការដ្ឋានអង្គរក្ស, កងពលធំអន្តរាគមន៍លេខ៣, រដ្ឋបាលរាជធានីភ្នំពេញ, ខេត្តព្រះសីហនុ, ស្នងការដ្ឋាននគរបាលពោធិសាត់ និងក្រុមស្នងការដ្ឋាននគរបាលកណ្តាល ។
ចំពោះរូបមន្ដនៃការប្រកួតវិញ គឺបែងចែកជា ៣ជុំ រួមមានជុំទី១ បេក្ខភាពទាំង ៨ក្រុម ត្រូវជួបគ្នា ១ជើង បន្ទាប់មកក្រុមឈរលេខ១ ដល់លេខ៦ នឹងត្រូវជួបគ្នា ១ជើងទៀត នៅជុំទី២ ដើម្បីចម្រាញ់យកក្រុមខ្លាំង ៤ក្រុមចុងក្រោយ ធ្វើការប្រកួតនៅជុំទី៣ ដែលជាការប្រកួតខ្វែង មានន័យថា ក្រុមលេខ១ ត្រូវជួបក្រុមលេខ៣ និងក្រុមលេខ២ ត្រូវជួបក្រុមលេខ៤ ដើម្បីស្វែងរកក្រុមខ្លាំងឡើងវគ្គផ្ដាច់ព្រ័ត្រ និងប្រកួតដណ្ដើមជើងឯកតែម្ដង គ្រាដែលប្រាក់រង្វាន់ក្រុមជើងឯក នឹងទទួលបាន ៦០លានរៀល ។
លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អនុប្រធាន និងជាអគ្គលេខាធិការសហព័ន្ធ បានបញ្ជាក់ថា គោលបំណង នៃការរៀបចំលីគសម្ដេចតេជោនេះ គឺសហព័ន្ធចង់បើកឱកាសឲ្យក្លិបបាល់ទះអាជីពនៅកម្ពុជា មានការប្រកួតប្រជែងកម្រិតស្ដង់ដារមួយ ដើម្បីឈានទៅរកការទទួលស្គាល់ ទាំងថ្នាក់តំបន់អាស៊ី និងពិភពលោក ។ លោកថា សហព័ន្ធនឹងព្យាយាម ដើម្បីឲ្យសហព័ន្ធបាល់ទះអន្ដរជាតិ ទទួលស្គាល់ ដើម្បីកម្ពុជាមានឱកាសចូលរួមការប្រកួតជើងឯកអន្ដរជាតិនានា ។
មួយវិញទៀត ការប្រកួតលីគនេះ ក៏ដើម្បីជំរុញការផ្សព្វផ្សាយវិស័យកីឡាបាល់ទះកម្ពុជាឲ្យកាន់តែល្បីល្បាញ ពិសេសជំរុញសមត្ថភាព និងបច្ចេកទេសកីឡា ដើម្បីពង្រឹងធនធានកីឡាករជម្រើសជាតិត្រៀមការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៥ នៅប្រទេសថៃ ។ តាមរយៈនេះ សហព័ន្ធប្ដេជ្ញានឹងបន្ដរៀបចំការប្រកួតលីគនេះឲ្យបានរៀងរាល់ឆ្នាំ និងធ្វើឲ្យមានភាពអស្ចារ្យ ដោយអនុញ្ញាតឲ្យមានការចូលរួមពីកីឡាករបរទេស ដើម្បីបង្កើនការប្រកួតប្រជែងផង និងទាក់ទាញទស្សនិកជនកាន់តែច្រើនផង។
ជាមួយការប្រកួតក្របខណ្ឌលីគនេះដែរ មន្ដ្រីជាន់ខ្ពស់សហព័ន្ធដដែល រំពឹងថា នឹងក្លាយជាវេទិកាមួយដ៏សំខាន់ ដើម្បីបើកទីផ្សារដោះដូរកីឡាករកាន់តែទូលំទូលាយ ឧទាហរណ៍ដូចជាកីឡាករ វឿន វាសនា ដែលត្រូវបានក្លិបបរទេសជាច្រើនចាប់អារម្មណ៍ ហើយបានទៅលេងនៅក្លិបប្រទេសវៀតណាម មុនផ្ទេរទៅលេងឲ្យក្លិប នៅតៃវ៉ាន់នាពេលបច្ចុប្បន្ន៕ អត្ថបទ លី ឈុនឡា