ក្រុមហ៊ុនដឹកជញ្ជូនរបស់ប្រទេសជប៉ុន កំពុងផ្លាស់ប្តូរផ្លូវនាវារបស់ពួកគេ ដើម្បីគេចចេញពីសមុទ្រក្រហម ជាកន្លែងដែលក្រុមហ៊ួទី(Houthi) ប្រឆាំងរដ្ឋាភិបាលនៅយេម៉ែន បាននិងកំពុងវាយប្រហារលើនាវាដែលឆ្លងកាត់។

ក្រុមហ៊ុន Nippon Yusen ជាក្រុមហ៊ុនជប៉ុន ដែលគេស្គាល់ថា NYK Line និងក្រុមហ៊ុន Mitsui O.S.K. Line បានផ្លាស់ប្តូរបណ្តោះអាសន្ននូវការធ្វើដំណើររបស់នាវាពួកគេ ទៅ និងមក ពីសហភាពអឺរ៉ុប ដើម្បីបញ្ចៀសសមុទ្រក្រហម ដោយលើកឡើងពីលទ្ធភាពដែលថាអ្នកទាំងឡាយណាដែលជាប់ពាក់ព័ន្ធជាមួយអ៊ីស្រាអែល អាចត្រូវបានកំណត់គោលដៅដោយក្រុមហ៊ួទី(Houthi)។
ក្រុមហ៊ុនទាំងនេះ នឹងបញ្ជូននាវារបស់ពួកគេ នៅជុំវិញជ្រោយ Cape of Good Hope នៅអាហ្វ្រិកខាងត្បូង។

ក្រុមហ៊ុន Kawasaki Kisen Kaisha ឬ K Line ក៏កំពុងបង្វែរផ្លូវនាវារបស់ខ្លួនបណ្តោះអាសន្ន នៅជុំវិញជ្រោយ Cape of Good Hope ព្រមទាំងការផ្លាស់ប្តូរទៅកាន់ផ្លូវឆ្លងកាត់តាមអាមេរិកខាងជើង។ ក្រុមហ៊ុន Ocean Network Express ជាក្រុមហ៊ុនដឹកជញ្ជូនទូរទំនិញ ដែលដំណើរការរួមគ្នាដោយក្រុមហ៊ុនដឹកជញ្ជូនចំនួន៣ ក៏បានបញ្ចៀសការឆ្លងកាត់តាមសមុទ្រក្រហម ហើយបានប្តូរទៅផ្លូវផ្សេងទៀត រួមទាំងផ្លូវមួយនៅជុំវិញជ្រោយ Cape of Good Hope។
សមុទ្រក្រហម គឺជាផ្លូវទឹកជិតបំផុតសម្រាប់តភ្ជាប់ទ្វីបអាស៊ី និងអឺរ៉ុប តាមរយៈព្រែកជីកស៊ុយអេ។ ការព្រួយបារម្ភ កំពុងកើនឡើងដែលថាការផ្លាស់ប្តូរផ្លូវ នៃនាវាពាណិជ្ជកម្ម អាចបណ្តាលឱ្យមានការពន្យារពេលការដឹកជញ្ជូនទំនិញ និងថ្លៃដឹកជញ្ជូនកើនឡើងខ្ពស់។