អ៊ីស្រាអែល បានច្រានចោលរបាយការណ៍អំពីអំពើឃោរឃៅ ដែលប្រព្រឹត្តដោយទាហានអ៊ីស្រាអែល នៅមន្ទីរពេទ្យក្នុងតំបន់ហ្កាហ្សាស្ទ្រីប។

ប្រទេសនេះ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃអាទិត្យថា កងកម្លាំងការពារអ៊ីស្រា អែល (IDF) មិនមានអ្វីពាក់ព័ន្ធនឹងសាកសព ដែលត្រូវបានរកឃើញ នៅមន្ទីរពេទ្យ Kamal Adwan ក្នុងទីក្រុងចាបាលៀ (Jabalia) ភាគខាងជើងនៃតំបន់ហ្កាហ្សាស្ទ្រីបនោះទេ។

កងកម្លាំងការពារអ៊ីស្រាអែល(IDF) បាននិយាយថា វីដេអូមួយ ត្រូវបានចែកចាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលគ្រឿងចក្រឈូសឆាយពណ៌ក្រហមមួយគ្រឿង ត្រូវបានចោទប្រកាន់ថា បានកប់មនុស្ស នៅក្រោមវានៅឯមន្ទីរពេទ្យ។ កងកម្លាំងការពារនេះ បានបន្ថែមទៀតថា ទោះបីជាយ៉ាងណាក៏ដោយ វីដេអូនេះ មានតាំងពីឆ្នាំ២០១៣ ហើយមិនមានជាប់ពាក់ព័ន្ធនឹងការដាក់ពង្រាយទាហានអ៊ីស្រា អែល នាពេលបច្ចុប្បន្ន នៅក្នុងទីក្រុងចាបាលៀនោះទេ។
ករណីនេះ មិនអាចផ្ទៀងផ្ទាត់ព័ត៌មានដោយឯករាជ្យបានទេ។
កាលពីមួយសប្តាហ៍មុន បណ្តាញព័ត៌មាន Al Jazeera បានរាយការណ៍ថា កងទ័ពអ៊ីស្រាអែល បានប្រើគ្រឿងចក្រឈូសឆាយមួយគ្រឿង ដើម្បីបំផ្លាញតង់ជនភៀសខ្លួន នៅក្នុងទីធ្លាមន្ទីរពេទ្យ ដោយបានសម្លាប់មនុស្សប្រហែល ២០នាក់ នៅក្នុងដំណើរការនេះ។