នាយករដ្ឋមន្ត្រីកូសូវ៉ូ លោក អាល់ប៊ីន ខួរទី (Albin Kurti) បាននិយាយកាលពីថ្ងៃសៅរ៍ (២៤ ធ្នូ) ថាក្រុមប្រដាប់អាវុធគាំទ្រដោយភ្នាក់ងារសន្តិសុខស៊ែរប៊ី កំពុងត្រូវបានបណ្តុះបណ្តាល ដើម្បីបើកការវាយប្រហារថ្មីនៅក្នុងប្រទេសកូសូវ៉ូ បន្ទាប់ពីការវាយប្រហារកាលពីខែកញ្ញា ដែលបានបណ្តាលឲ្យមនុស្ស៤នាក់ស្លាប់ ប៉ុន្តែស៊ែរប៊ីបានបដិសេធថាមិនមានផែនការបែបនេះនោះទេ។

កាលពីថ្ងៃទី២៤ ខែកញ្ញា ក្រុមប្រដាប់អាវុធមួយក្រុមមានគ្នា ៨០នាក់ បានវាយប្រហារនគរបាលកូសូវ៉ូ នៅក្នុងភូមិ បានស៍ឆ្កា (Banjska) ដ៏ស្ងប់ស្ងាត់ក្បែរព្រំដែនជាមួយប្រទេសស៊ែរប៊ី បណ្តាលឲ្យមន្ត្រីនគរបាលម្នាក់ និងខ្មាន់កាំភ្លើង ៣នាក់ស្លាប់។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ លោក ខួរទី បាននិយាយថាលោក មីឡាន រ៉ាដូអ៊ីស៊ីក (Milan Radoicic) ដែលជាអ្នកនយោបាយជាន់ខ្ពស់កូសូវ៉ូជនជាតិស៊ែរប៊ី ដែលបានទទួលស្គាល់ថាបានចូលរួមក្នុងការប្រយុទ្ធដោយកាំភ្លើងកាលពីខែកញ្ញា កំពុងរៀបចំផែនការវាយប្រហារបន្ថែមទៀត ប៉ុន្តែលោក រ៉ាដូអ៊ីស៊ីក បានបដិសេធរឿងនោះ។

កូសូវ៉ូ ដែលមានជនជាតិភាគតិចអាល់បានី ភាគច្រើនបានប្រកាសឯករាជ្យពីប្រទេសស៊ែរប៊ី ក្នុងឆ្នាំ២០០៨ បន្ទាប់ពីការបះបោរទ័ពព្រៃ និងការអន្តរាគមន៍ពីអង្គការណាតូ ក្នុងឆ្នាំ១៩៩៩។
ប្រហែល ៥ភាគរយនៃចំនួនប្រជាជនក្នុងប្រទេសនេះ គឺជាជនជាតិស៊ែរប៊ី ដែលជាងពាក់កណ្តាលរស់នៅភាគខាងជើង ដោយបដិសេធមិនទទួលស្គាល់ឯករាជ្យរបស់កូសូវ៉ូ ហើយមើលឃើញទីក្រុងបែលក្រាដ ថាជារដ្ឋធានីរបស់ពួកគេ។ ប្រជាជនទាំងនោះបានប៉ះទង្គិចគ្នាជាញឹកញាប់ជាមួយនគរបាលកូសូវ៉ូ និងកងរក្សាសន្តិភាពអន្តរជាតិ៕