ក្រសួងកិច្ចការព្រំដែន និងកុលសម្ព័ន្ធ (MoBTA) របស់រដ្ឋាភិបាលបណ្តោះអាស្នអាហ្វហ្គានីស្ថាន បានដោះស្រាយជម្លោះ និងទំនាស់ជនជាតិភាគតិចជិត ២០០ករណីក្នុងរយៈពេលមួយឆ្នាំកន្លងមក នៅក្នុងប្រទេសដែលរងការបំផ្លិចបំផ្លាញដោយសង្រ្គាម នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន ថូឡូញ៉ូវស៍ (Tolonews)។

សារព័ត៌មានឯកជនមួយនេះបានដកស្រង់សម្តីអ្នកនាំពាក្យរបស់ក្រសួងកិច្ចការព្រំដែន និងកុលសម្ព័ន្ធ លោក ហាមឌូលឡាហ្វ ហ្វីត្រាត (Hamdullah Fitrat) បាននិយាយថា «រហូតមកដល់ពេលនេះ ជម្លោះជនជាតិចំនួន ១៩៧ករណីត្រូវបានដោះស្រាយ ហើយជម្លោះជាង ១០០ករណីទៀតកំពុងស្ថិតក្នុងដំណើរការដោះស្រាយ ហើយយើងកំពុងព្យាយាមដោះស្រាយជម្លោះជនជាតិភាគតិចទាំងនេះឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន»។

សមិទ្ធិផលនាពេលថ្មីៗនេះគឺនៅក្នុងខេត្ត នូរីស្ថាន (Nuristan) ភាគខាងកើត ជាទីដែលមានអរិភាពអាយុកាល ៤១ឆ្នាំបានឆក់យកជីវិតជាច្រើនពីភាគីគូប្រជែង ហើយត្រូវបានបញ្ចប់ដោយការសម្របសម្រួលនិងការខិតខំប្រឹងប្រែងរបស់ក្រសួងអាហ្វហ្គានីស្ថានមួយនេះ។
ដោយជាជម្រកនៃពូជសាសន៍ ជនជាតិភាគតិច ភាសា សាសនា និងកុលសម្ព័ន្ធជាច្រើន ប្រទេសអាហ្វហ្គានីស្ថាន បានរងទុក្ខយ៉ាងធ្ងន់ធ្ងរពីសង្គ្រាម និងជម្លោះស៊ីវិលជាងបួនទសវត្សរ៍ ខណៈដែលក្រុមគ្រួសារ និងកុលសម្ព័ន្ធជាច្រើនបានបាត់បង់សមាជិកគ្រួសារជាច្រើន៕