ក្រុមបាតុករជិតមួយម៉ឺននាក់ បានដើរដង្ហែរក្បួនដ៏ធំបំផុតមួយដែលគាំទ្រប៉ាឡេស្ទីននៅទីក្រុងរ៉ាបា (Rabat) កាលពីថ្ងៃអាទិត្យ (២៤ ធ្នូ) ចាប់តាំងពីការផ្ទុះឡើងនៃសង្រ្គាមនៅតំបន់ហ្កាហ្សា ដោយទាមទារឱ្យបញ្ចប់ទំនាក់ទំនងរបស់ប្រទេសម៉ារ៉ុក ជាមួយអ៊ីស្រាអែល។
ការតវ៉ាប្រឆាំងនឹងសង្គ្រាមរបស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សា បានទាក់ទាញមនុស្សរាប់ពាន់នាក់នៅក្នុងប្រទេសម៉ារ៉ុក ចាប់តាំងពីជម្លោះបានចាប់ផ្តើមជាងពីរខែមុន ដែលភាគច្រើនដឹកនាំដោយក្រុមអារ៉ាប់ និងក្រុមអ៊ីស្លាមនិយម។ ការហែក្បួនកាលពីថ្ងៃអាទិត្យនេះត្រូវបានសហការរៀបចំដោយក្រុមឆ្វេងនិយម និងក្រុមក្រៅច្បាប់។
មនុស្សភាគច្រើននៃបាតុករជិត ១០.០០០នាក់នោះហាក់ដូចជាអ្នកកាន់សាសនាអ៊ីស្លាម ដោយបុរសដើរដង្ហែក្បួនដាច់ដោយឡែកពីស្ត្រី ខណៈគ្រវីទង់ជាតិប៉ាឡេស្ទីន និងកាន់បដាដែលសរសេរថា «តស៊ូរហូតដល់ជ័យជំនះ» «បញ្ឈប់ការធ្វើប្រក្រតីភាពរវាងរដ្ឋាភិបាលម៉ារ៉ុក និងអ៊ីស្រាអែល» និង «សេរីភាពប៉ាឡេស្ទីន»។ ក្រុមអ្នកតវ៉ានៅក្នុងការហែក្បួនកាលពីថ្ងៃអាទិត្យនោះក៏បានអំពាវនាវឱ្យពិភពលោកធ្វើពហិការឈប់ប្រើប្រាស់ម៉ាកយីហោណាដែលគាំទ្រអ៊ីស្រាអែល។
ម៉ារ៉ុកបានយល់ព្រមពង្រឹងទំនាក់ទំនងជាមួយអ៊ីស្រាអែល នៅឆ្នាំ២០២០ ក្រោមកិច្ចព្រមព្រៀងដែលសម្របសម្រួលដោយរដ្ឋបាលសហរដ្ឋអាមេរិក ក្រោមការដឹកនាំរបស់អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ដែលរួមបញ្ចូលទីក្រុងវ៉ាស៊ីនតោន ទទួលស្គាល់អធិបតេយ្យភាពម៉ារ៉ុក លើទឹកដីដែលមានជម្លោះនៃតំបន់វាលខ្សាច់សាហារ៉ាខាងលិច៕