ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍នៅថ្ងៃចន្ទនេះថា យ៉ាងហោចណាស់ជើងហោះហើរចំនួន២៣ ជើង ចូលនិងចេញពីអាកាសយានដ្ឋានទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី ត្រូវបានលុបចោល នៅថ្ងៃបុណ្យណូអែលនេះ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ដ៏គំហុក កាលពីមួយថ្ងៃមុនេះ។

គិតត្រឹមម៉ោង៧ព្រឹក នៅថ្ងៃចន្ទនេះ ម៉ោងក្នុងស្រុក ផ្ទាំងប្រកាសព័ត៌មានពីការមកដល់ នឹងការចាកចេញ នៅលើគេហទំព័រអាកាសយានដ្ឋានទីក្រុងស៊ីដនី បានបង្ហាញថា ជើងហោះហើរចំនួន២៣ ត្រូវបានលុបចោលរួចហើយ។

គេហទំព័រព័ត៌មានក្នុងស្រុកបាននិយាយថា ខណៈអាកាសយានដ្ឋាន ទីក្រុងស៊ីដនី បានបញ្ជាក់ថា គ្មានបញ្ហាប្រតិបត្តិការនៅអាកាសយានដ្ឋានទេនៅថ្ងៃចន្ទនេះ ការរំខានទំនងជាមានផលប៉ះពាល់ដោយប្រយោលពីការពន្យាពេល និងការលុបចោលនៅថ្ងៃបុណ្យណូអែល ដែលបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំង និងខ្យល់រន្ទះ។
សារព័ត៌មានអូស្ត្រាលី channel Sky News បានរាយការណ៍ថា ការលុបចោលនៅថ្ងៃចន្ទនេះ រួមមានជើងហោះហើរក្រុមហ៊ុនអាកាស Virgin ចំនួន៧ ក្រុមហ៊ុនអាកាសចរណ៍ Qantas ចំនួន៦ និងក្រុមហ៊ុន Jet Star ចំនួន៣ ព្រមទាំងមួយចំនួនធ្វើប្រតិបត្តិការដោយក្រុមហ៊ុនអាកាសចរណ៍ប្រចាំតំបន់តូចៗជាច្រើន។
ក្រុមហ៊ុនអាកាសចរណ៍ Virgin Australia បានបញ្ជាក់ថា ការលុបចោលជើងហោះហើរ ដោយសារតែអាកាសធាតុមិនអំណោយផល នៅក្នុងនិងជុំវិញទីក្រុងស៊ីដនី រយៈពេល២៤ម៉ោងកន្លងទៅនេះ។ សារព័ត៌មានបានរាយការណ៍ថា កាលពីថ្ងៃអាទិត្យ អង្គភាពសង្គ្រោះបន្ទាន់រដ្ឋ New South Wales បានជួយសង្គ្រោះ២០លើក នៅទូទាំងទីក្រុងស៊ីដនី និងបានឆ្លើយតបទៅនឹងការរាយការណ៍ពីលំនៅឋានចំនួន៣០ខ្នង ដែលបានជន់លិច នៅជាយក្រុង Pagewood ភាគខាងត្បូងទីក្រុង។