បាល់ទាត់៖ សមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ បានឈរចាំវគ្គផ្ដាច់ព្រ័ត្រនៃពានរង្វាន់ League Cup 2021 ដោយស្វ័យប្រវត្តិ បន្ទាប់ពីយកឈ្នះក្រុមម្ចាស់ផ្ទះព្រះខ័នរាជស្វាយរៀង ដោយការទាត់បាល់ប៉េណាល់ទី ៥-៣ ក្នុងជំនួបបញ្ចប់ពូល B បន្ទាប់ពីប្រកួតពេញម៉ោងស្មើគ្នា ១-១ កាលពីចុងសប្ដាហ៍កន្លងទៅ។

ជំនួបតែ ១ប្រកួតគត់ក្នុងសប្ដាហ៍ទី៣ នៃពានរង្វាន់លក្ខណៈមិត្តភាពនេះ វគ្គទី១ ក្រុមទាំងពីរ មិនអាចស៊ុតបញ្ចូលទីគ្នាបានឡើយ។ ប៉ុន្តែចូលវគ្គទី២ កីឡាករ អ៊ាន ពីសី បានស៊ុតបំប៉ោងសំណាញ់ទីក្រុមភ្ញៀវ ១គ្រាប់មុននៅនាទី៧៥ រហូតដល់នាទី៩០+៣ ទើបក្រុមកងយោធពលខេមរភូមិមានឱកាសរកគ្រាប់បាល់តាមស្មើ ១-១ ដោយការទាត់បាល់ពិន័យ ១១ម៉ែត្ររបស់កីឡាករ Romario មុនអាជ្ញាកណ្ដាលផ្លុំកញ្ចែបញ្ចប់ការប្រកួត។ បន្ទាប់ពីបញ្ចប់ការប្រកួត ៩០នាទីដោយលទ្ធផលស្មើគ្នាបែបនេះ អាជ្ញាកណ្ដាលក៏សម្រេចឲ្យក្រុមទាំងពីរទាត់បាល់ប៉េណាល់ទីកាត់សេចក្ដីរកក្រុមលេខ១ ក្នុងពូល B បន្ទាប់ពីក្រុមទាំងពីរឆ្លងកាត់ ២ប្រកួតកន្លងមករកបាន ៦ពិន្ទុ និងមានគ្រាប់បាល់ចំណេញ ៤គ្រាប់ស្មើគ្នា។ ជាលទ្ធផលនៃការទាត់បាល់ ១១ម៉ែត្រនេះ ក្រុមកងយោធពលខេមរភូមិន្ទបានយកឈ្នះក្រុមព្រះខ័នរាជស្វាយរៀង ដោយលទ្ធផល ៥-៣ តែម្ដង។

ជ័យជម្នះនេះនាំឲ្យក្រុមកងយោធពលខេមរភូមិន្ទ បានកក់កៅអីវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ League Cup 2021 ដោយស្វ័យប្រវត្តិក្នុងនាមក្រុមលេខ១ ពូល B បន្ទាប់ពីបេក្ខភាពវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ១ក្រុមគឺក្រុម ISI ដង្កោសែនជ័យបានរកឃើញករណីសង្ស័យវិជ្ជមានកូវីដ-១៩ លើកីឡាកររបស់ខ្លួនមុនការប្រកួតបញ្ចប់ពូល A ជាមួយក្រុមវិសាខា ហើយត្រូវបានលុបចោលការប្រកួតភ្លាមៗដោយផ្ដល់ជ័យជម្នះដល់ក្រុមវិសាខា។ អាស្រ័យហេតុនេះ ក្រុមព្រះខ័នរាជស្វាយរៀងដែលឈរលេខ២ ក្នុងពូល B នឹងត្រូវជួបក្រុមវិសាខាក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនាថ្ងៃទី២៣ ខែមិថុនាខាងមុខនេះ ហើយក្រុមទទួលបានជ័យជម្នះនឹងបានឡើងទៅវគ្គផ្ដាច់ព្រ័ត្រ ជួបជាមួយក្រុមកងយោធពលខេមរភូមិន្ទ ខណៈការប្រកួតដណ្ដើមជើងឯកពានរង្វាន់លក្ខណៈមិត្តភាព League Cup 2021 នេះគ្រោងនឹងធ្វើឡើងនាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ ចុងសប្ដាហ៍នេះ៕
អត្ថបទ៖ លី ឈុនឡា