
ក្រុមហ៊ុននាវាដឹកទំនិញ Maersk របស់ប្រទេសដាណឺម៉ាក កាលពីថ្ងៃអាទិត្យ (ទី២៤ ខែធ្នូ) បាននិយាយថា ខ្លួនត្រៀមចាប់ដំណើរការដឹកទំនិញឡើងវិញ នៅសមុទ្រក្រហម និងឈូងសមុទ្រ Aden ដោយលើកឡើងពីការដាក់ពង្រាយប្រតិបត្តិការយោធា ដឹកនាំដោយសហរដ្ឋអាមេរិក ដែលត្រូវបានរៀបចំឡើង ដើម្បីធានាសុវត្ថិភាពពាណិជ្ជកម្ម នៅក្នុងតំបន់។
ក្រុមហ៊ុនដឹកជញ្ជូនខ្នាតយក្សមួយនេះ បានផ្អាកការបញ្ជូននាវាឆ្លងកាត់ច្រកសមុទ្រ Bab el-Mandeb កាលពីដើមខែធ្នូ ដោយសារការវាយប្រហារប្រឆាំងនាវារបស់ខ្លួនពីសំណាក់ក្រុមហួទី។ ការវាយប្រហារនោះបានធ្វើឲ្យផ្លូវរបស់ព្រែកជីក Suez ដែលជាផ្លូវដឹកជញ្ជូនពាណិជ្ជកម្មសកលដ៏សំខាន់ មិនអាចប្រើបានដោយភាគច្រើន។
សហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ (ទី១៩ ខែធ្នូ) បាននិយាយថា ខ្លួនកំពុងចាប់ផ្តើមប្រតិបត្តិការចម្រុះជាតិសាសន៍ ដើម្បីការពារពាណិជ្ជកម្ម នៅសមុទ្រក្រហមពីពួកសកម្មប្រយុទ្ធយេម៉ែន គាំទ្រដោយអ៊ីរ៉ង់ ដែលបានបាញ់យានដ្រូន និងមីស៊ីលលើនាវាអន្តរជាតិ តាំងពីខែមុន ជាអ្វីដែលពួកគេនិយាយថា ជាការឆ្លើយតបទៅនឹងសង្គ្រាមរបស់អ៊ីស្រាអែលនៅក្នុងតំបន់ហ្កាហ្សា។
ក្រុមហ៊ុន Maersk បាននិយាយថា ខ្លួននឹងចេញផ្សាយព័ត៌មានលម្អិតបន្ថែមទៀតនៅក្នុងប៉ុន្មានថ្ងៃខាងមុខនេះ។ ប៉ុន្តែក្រុមហ៊ុននេះបានបញ្ជាក់ថា ខ្លួនអាចបង្វែរការធ្វើចរាចរណ៍នាវាម្តងទៀត អាស្រ័យថា តើលក្ខខណ្ឌសុវត្ថិភាព បានវិវត្តយ៉ាងដូចម្ដេច។
កាលពីថ្ងៃទី១៩ ខែធ្នូ ក្រុមហ៊ុន Maersk បានប្រាប់ថា ខ្លួនកំពុងប្ដូរផ្លូវធ្វើដំណើរជុំវិញទ្វីបអាហ្រ្វិក តាមរយៈដៃសមុទ្រ Cape of Good Hope ។ ក្រុមហ៊ុនបាននិយាយថា ខ្លួននឹងគិតថ្លៃបន្ថែមលើកុងតឺន័រ សម្រាប់ការដឹកជញ្ជូនពីអាស៊ី ដើម្បីរ៉ាប់រងការចំណាយបន្ថែម ដែលទាក់ទងនឹងការធ្វើដំណើររយៈពេលយូរ៕