
ក្រុមឧទ្ទាមហួទីរបស់ប្រទេសយេម៉ែន កាលពីថ្ងៃអាទិត្យ (ទី២៤ ខែធ្នូ) បានព្រមានជាថ្មីដល់កងកម្លាំងសហរដ្ឋអាមេរិក ដោយជំរុញឲ្យពួកគេចាកចេញពីសមុទ្រក្រហមឱ្យបានឆាប់រហ័ស មុនពេលទីនេះក្លាយជា «សង្វៀនដ៏ក្ដៅគគុក»។
ការព្រមាននេះបានកើតឡើងនៅពេលដែលសហរដ្ឋអាមេរិកបានចោទប្រកាន់ក្រុមហួទីថា បានវាយប្រហារនាវា MV Saibaba ជានាវាដឹកប្រេងឆៅ ដែលមានទង់ជាតិឥណ្ឌាគ្រប់គ្រងដោយប្រទេសហ្កាបុង ដោយយានដ្រូន ដែលលោក Mohammed Abdulsalam បានបដិសេធដោយអះអាងថា វាជានាវាពិឃាតរបស់កងទ័ពជើងទឹកអាមេរិក ដែលនៅពីក្រោយការវាយប្រហារមីស៊ីលរយៈចម្ងាយជិតនេះ នៅចុងភាគខាងត្បូងនៃសមុទ្រក្រហម។
ភាពតានតឹង នៅសមុទ្រក្រហម ដែលកំពុងកើនឡើងនាពេលថ្មីៗនេះ បានជំរុញឲ្យក្រុមហ៊ុនដឹកជញ្ជូន និងប្រេងសំខាន់ៗផ្អាកការដឹកជញ្ជូនតាមរយៈផ្លូវពាណិជ្ជកម្មសមុទ្រដ៏សំខាន់មួយនេះ ដោយធ្វើឲ្យមានការព្រួយបារម្ភកាន់កើនឡើងអំពីផលប៉ះពាល់សេដ្ឋកិច្ចសកល នាពេលខាងមុខ។
ពាក់ព័ន្ធនឹងបញ្ហានេះ បណ្ដាអ្នកជំនាញបានចង្អុលបង្ហាញថា ជម្លោះនៅតំបន់ហ្កាហ្សា គឺជាមូលហេតុនៃវិបត្តិសមុទ្រក្រហម នាពេលបច្ចុប្បន្ននេះ ហើយបទឈប់បាញ់ នៅហ្កាហ្សា គឺជាមធ្យោបាយតែមួយគត់ ដើម្បីរម្ងាប់ភាពតានតឹង នៅសមុទ្រក្រហមនេះ។
ក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃអាទិត្យដែលផ្សាយដោយទូរទស្សន៍ Al-Masirah របស់ក្រុមហួទី អ្នកនាំពាក្យក្រុមឧទ្ទាមនេះ លោក Abdulsalam បាននិយាយថា៖ «សមុទ្រក្រហមនឹងក្លាយជាសង្វៀនដ៏ក្ដៅគគុក ប្រសិនបើសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត បន្តការគំរាមកំហែងរបស់ពួកគេ»។
អ្នកនាំពាក្យរូបនេះ បានថ្កោលទោស «ការធ្វើយោធូបនីយកម្មនៅសមុទ្រក្រហម» ដោយអាមេរិក និងដៃគូរបស់ខ្លួន ដោយនិយាយថា ពួកគេ «បានបង្កការគំរាមកំហែងដល់ការធ្វើនាវាចរណ៍អន្តរជាតិ» និងសុំឲ្យចាកចេញ។
សូមបញ្ជាក់ថា កាលពីសប្តាហ៍មុន សហរដ្ឋអាមេរិក បានប្រកាសពីក្រុមចម្រុះចំនួន ១០ប្រទេស ដើម្បីកម្ចាត់ក្រុមឧទ្ទាមហួទី និងការវាយប្រហារដោយយានដ្រូនលើនាវាឆ្លងកាត់សមុទ្រក្រហម៕