
អ្នកជាប់ឃុំពីរនាក់ដែលត្រូវបានដោះលែង និងពេទ្យបឋមម្នាក់ បាននិយាយកាលពីថ្ងៃអាទិត្យថា ជនជាតិប៉ាឡេស្ទីនដែលត្រូវកងទ័ពអ៊ីស្រាអែលចាប់ នៅតំបន់ហ្កាហ្សាស្ទ្រីប បានទទួលទារុណកម្ម ដែលជាការចោទប្រកាន់ដែលត្រូវបានបដិសេធដោយយោធា។
បុរសទាំងពីរនាក់នេះ ស្ថិតក្នុងចំណោមមនុស្សរាប់រយនាក់ដែលត្រូវបានចាប់ឃុំ ដោយកងកម្លាំងអ៊ីស្រា អែល ជុំវិញការចោទប្រកាន់ថា មានទំនាក់ទំនងជាមួយក្រុមប្រដាប់អាវុធហាម៉ាស ក្នុងអំឡុងពេលការវាយលុកថ្មើរជើងដែលកំពុងបន្តរបស់អ៊ីស្រាអែល នៅក្នុងទឹកដីដែលគ្រប់គ្រងដោយក្រុមហាម៉ាស ដែលត្រូវបានឡោមព័ទ្ធនេះ។
អ៊ីស្រាអែល បានប្តេជ្ញាកម្ចាត់ក្រុមហាម៉ាស បន្ទាប់ពីការវាយប្រហារដ៏សាហាវដោយក្រុមសកម្មប្រយុទ្ធកាលពីថ្ងៃទី៧ តុលា ដោយចាប់ផ្តើមយុទ្ធនាការយោធាឥតឈប់ឈរ នៅតំបន់ហ្កាហ្សា។
លោក Marwan al-Hams ប្រធានមន្ទីរពេទ្យ នៅភាគខាងត្បូងនៃទីក្រុង Rafah បានប្រាប់សារព័ត៌មានAFPថា បុរសប្រហែល ២០នាក់ ដែលត្រូវបានដោះលែងពីមន្ទីរឃុំឃាំងរបស់អ៊ីស្រាអែល មានស្នាមជាំនិងស្នាមរបួសលើរាងកាយរបស់ពួកគេ។
ក្រុមហាម៉ាស បាននិយាយថា ជនជាតិប៉ាឡេស្ទីនដែលត្រូវបានដោះលែង ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ Al-Najjar។