
កាលពីថ្ងៃអាទិត្យម្សិលមិញ កងទ័ពហ្សកដានី បានទម្លាក់ជំនួយមនុស្សធម៌ពីលើអាកាសដល់ជនប៉ាឡេស្ទីនរាប់រយនាក់នៅក្នុងព្រះវិហារឡោមព័ទ្ធ ស្ថិតក្នុងតំបន់ហ្គាហ្សាស្រ្ទីប ។
កងទ័ពហ្សកដានីនិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា តាមព្រះរាជបញ្ជា កងកម្លាំងប្រដាប់អាវុធហ្សកដានី កាលពីល្ងាចថ្ងៃអាទិត្យ បានទម្លាក់ជំនួយមនុស្សធម៌ដល់អ្នកដែលជាប់ខ្លួននៅក្នុងព្រះវិហារ Saint Porphyrius ស្ថិតក្នុងសង្កាត់ Al-Zaytun នៅតំបន់ភាគខាងជើងហ្គាហ្សាស្រ្ទីប ។
សេចក្តីថ្លែងការណ៍បញ្ជាក់ថា ជនស៊ីវិលប្រហែល ៨០០នាក់ដែលជាគ្រិស្តសាសនិកជាប់ខ្លួននៅក្នុងព្រះវិហារ បានប្រឈមនឹងកង្វះខាតស្បៀងអាហារ ហើយនិងកង្វះខាតធ្ងន់ធ្ងរសម្ភារៈមូលដ្ឋានចាំបាច់ជាច្រើន ស្របពេលជួបស្ថានភាពមនុស្សធម៌ដ៏អាក្រក់បំផុត ។
សេចក្តីថ្លែងការណ៍នេះបន្តថា កញ្ចប់ជំនួយ ត្រូវបានទម្លាក់ដោយឆ័ត្រយោងលើព្រះវិហារ ដែលជាទីជម្រកសម្រាប់គ្រិស្តសាសនិ ហើយនិងកូនៗរបស់ពួកគេ ស្របពេលដែលកងកម្លាំងកាន់កាប់អ៊ីស្រាអែលឡោមព័ទ្ធទីនោះ ។
ការទម្លាក់ជំនួយមនុស្សធម៌នេះដែរ គឺជាការទម្លាក់ជំនួយពីលើអាកាសលើកទី ៧ដោយកងទ័ពហ្សកដានី ចាប់តាំងពីផ្ទុះសង្រ្គាមនៅតំបន់ហ្គាហ្សារវាងកងកម្លាំងអ៊ីស្រាអែល និងក្រុមជីវពលហាម៉ាស់ ៕