
មន្រ្តីសុខភាពតំបន់ហ្គាហ្សា និយាយថា មនុស្សយ៉ាងហោច ៦៨នាក់ ត្រូវបានសម្លាប់អំឡុងការវាយប្រហារតាមច្រកអាកាសរបស់អ៊ីស្រាអែលលើតំបន់ភាគកណ្តាលហ្គាហ្សា ស្របពេលដែលចំនួនទាហានអ៊ីស្រាអែលស្លាប់អំឡុងការប្រយុទ្ធគ្នាកាលពីចុងសប្តាហ៍កន្លងទៅ កើនឡើងដល់ ១៧នាក់ ។
ក្រុមអ្នកសារព័ត៌មានរបស់ទីភ្នាក់ងារព័ត៌មាន AP នៅមន្ទីរពេទ្យបង្អែក ឃើញជនប៉ាឡេស្ទីនសែងមនុស្សស្លាប់ រួមទាំងទារក និងអ្នករងរបួសផងដែរ បន្ទាប់ពីការវាយប្រហារតាមច្រកអាកាសលើជំរំជនភៀសខ្លួន Maghazi ស្ថិតនៅភាគខាងកើតទីក្រុង Deir al-Balah ។
យោងតាមការអះអាងរបស់ក្រុមមន្រ្តីមន្ទីរពេទ្យ បានឲ្យដឹងថា មនុស្សស្លាប់ទាំង ៦៨នាក់នោះ រួមមានទាំងស្រ្តី ១២នាក់ និងកុមារ ៧នាក់ ។
ក្មេងស្រីវ័យក្មេងម្នាក់ដែលប្រឡាក់ជោគដោយឈាម ហាក់មានអារម្មណ៍តក់ស្លុតយ៉ាងខ្លាំង ពេលដែលដងខ្លួនរបស់នាងត្រូវបានគ្រូពេទ្យពិនិត្យរកកន្លែងបាក់ឆ្អឹង ។
លោក Ahmad Turkomani ដែលបាត់បង់សមាជិកគ្រួសាររបស់លោកជាច្រើនរួមទាំងកូនស្រី និងចៅប្រុសរបស់លោក និយាយថា ពួកយើងទាំងអស់គ្នាក្លាយជាគោលដៅវាយប្រហារតាមច្រកអាកាសរបស់អ៊ីស្រាអែល ។ គ្មានកន្លែងសុវត្ថិភាពនោះទេនៅក្នុងតំបន់ហ្គាហ្សា ៕