ហែលទឹក៖ កញ្ញា ហែមថុន វិទិនី អតីតកីឡាការិនីហែលទឹកជម្រើសជាតិកម្ពុជា និងជាអតីតអត្តពលិកអូឡាំពិករបស់កម្ពុជានឹងចូលរួមកម្មវិធី “ទិវាអូឡាំពិក” នាថ្ងៃទី២៣ ខែមិថុនាខាងមុខនេះដែលនឹងធ្វើឡើងក្រោមប្រធានបទ “ហាត់ប្រាណនៅផ្ទះជាមួយអត្តពលិកអូឡាំពិក” ខណៈកញ្ញានឹងធ្វើការចែករំលែកនូវបទពិសោធន៍ និងរបៀបធ្វើលំហាត់ប្រាណសំខាន់ៗតាមផ្ទះដើម្បីសុខភាព និងចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។
អតីតកីឡាការិនីមានបទពិសោធន៍ជាង ២០ឆ្នាំរូបនេះបានបង្ហាញត្រៀមខ្លួនរួចរាល់ ដើម្បីចូលរួមកម្មវិធីប្រចាំឆ្នាំ “ទិវាអូឡាំពិក” តាមរយៈប្រព័ន្ធអនឡាញនាថ្ងៃពុធនេះ ស្របពេលថ្នាក់ដឹកនាំគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានផ្ដល់សេចក្ដីទុកឲ្យរូបនាងធ្វើបទបង្ហាញពីរបៀបធ្វើលំហាត់ប្រាណ ជូនដល់បងប្អូនប្រជាពលរដ្ឋ ដើម្បីចូលរួមយុទ្ធនាការធ្វើលំហាត់ប្រាណតាមផ្ទះឲ្យបានត្រឹមត្រូវ និងប្រកបដោយអត្ថប្រយោជន៍។ កញ្ញាបន្ដថា ក្នុងបរិបទកូវីដ-១៩ ការកាត់បន្ថយចេញក្រៅ ឬការហាត់ប្រាណនៅកន្លែងសាធារណៈគឺជារឿងសំខាន់មួយ ហើយប្រជាពលរដ្ឋគ្រប់រូបគួរមានទម្លាប់ហាត់ប្រាណនៅផ្ទះ ដើម្បីទទួលបាននូវសុខភាពល្អ និងបញ្ចៀសនូវការចម្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍។ ហេតុនេះ វិទិនី បានត្រៀមនូវលំហាត់សំខាន់ៗជាច្រើន សម្រាប់បង្ហាញជូនដល់បងប្អូនប្រជាពលរដ្ឋយកទៅអនុវត្ត និងហាត់ប្រាណផ្ទះដោយខ្លួនឯងបាន។
គួរបញ្ជាក់ថា ទិវាអូឡាំពិកឆ្នាំនេះត្រូវបានរៀបចំឡើងតាមប្រព័ន្ធអនឡាញ ដោយមានការចូលរួមកីឡាករ-កីឡាការិនីជម្រើសជាតិជាច្រើន ពិសេសអតីតអត្តពលិកអូឡាំពិកកម្ពុជា ជាក់ស្ដែងក្រោយពីកីឡាការិនី ហែមថុន វិទិនី ក៏មានការចូលរួមពីកីឡាការិនីតេក្វាន់ដូ ស៊ន សៀវម៉ី ដើម្បីចែករំលែកបទពិសោធន៍ និងសារមួយចំនួនដើម្បីជំរុញការហាត់ប្រាណតាមផ្ទះ និងចូលរួមជាមួយយុទ្ធនាការប្រជាជនម្នាក់លេងកីឡាមួយមុខផងដែរ៕
អត្ថបទ៖ លី ឈុនឡា