
ក្រសួងការបរទេសចិន នៅថ្ងៃចន្ទ (ទី២៥ ខែធ្នូ) បានបញ្ជាក់ថា កម្មករជនជាតិចិន ៤នាក់ បានស្លាប់នៅក្នុងអគ្គិភ័យនៅឡដុតដែកនីកែល ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Tsingshan Stainless Steel (ITSS) ឥណ្ឌូនេស៊ី នៅលើកោះ Sulawesi។
ម្ចាស់សួនឧស្សាហកម្ម ដែលជាទីតាំងរបស់ឡដុតដែកនីកែលនេះ បាននិយាយថា ជាសរុបកម្មករ ១៣នាក់ បានស្លាប់ និង ៤៦នាក់ រងរបួស កាលពីថ្ងៃអាទិត្យ (ថ្ងៃទី២៤ ខែធ្នូ) ក្នុងអគ្គិភ័យនេះ។
ឧទ្យានឧស្សាហកម្មឥណ្ឌូនេស៊ី Morowali (IMIP) បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា អគ្គិភ័យនេះបានឆាបឆេះឡើងនៅពេលដែលកម្មករ ជួសជុលឡ និងដំឡើងបន្ទះឡដុត នៅម៉ោង ៥:៣០ព្រឹកថ្ងៃអាទិត្យ (ត្រូវនឹងម៉ោង ២១:៣០ ម៉ោងសកល នៅថ្ងៃសៅរ៍) ដោយបានសម្លាប់កម្មករឥណ្ឌូនេស៊ី ៩នាក់ និងកម្មករចិន ៤នាក់។ សេចក្ដីថ្លែងការណ៍បានបន្ថែមថា អណ្ដាតភ្លើងត្រូវបានពន្លត់ នៅវេលាម៉ោង ៩និង១០នាទីព្រឹក ម៉ោងក្នុងស្រុក។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃមួយនៅថ្ងៃចន្ទនេះថា ក្រសួងការបរទេសរបស់ប្រទេសចិន បានណែនាំស្ថានទូតក្នុងប្រទេសឥណ្ឌូនេស៊ីឲ្យសម្របសម្រួលជាមួយភាគីពាក់ព័ន្ធ និងកំណត់មូលហេតុនៃគ្រោះថ្នាក់នេះឲ្យបានឆាប់ តាមដែលអាចធ្វើទៅបាន៕